ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖
ទី១ -ឈ្មោះ កុល កែវ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ (ជាអ្នកបេីកម៉ូតូ )។
ទី២- ឈ្មោះ ជាង ដេវិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅភូមិត្នោតជ្រំសង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជាអ្នកធ្វើសកម្មភាពឆក់) ។
ដោយឡែកនារីរងគ្រោះមានឈ្មោះ ទី ទី អាយុ២១ឆ្នាំ មុខរបរលក់ផលិតផលអនឡាញ ស្នាក់នៅម្ដុំផ្សារចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
បេីតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុនោះ រូបនាងបានជិះPassApp ចេញពីផ្ទះនៅចំការដូងក្នុងគោលបំណងទៅផ្លូវព្រះមុនីវង្ស ដោយឆ្លងកាត់ផ្លូវលេខ២៧១ ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលេីជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊យគីនិច ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HX-5364 ធ្វេីដំណេីរមកពីក្រោយរួចឆក់យកទូរស័ព្ទដៃពីដៃគាត់បានសម្រេច ។ គ្រានោះរូបគាត់ក៏ស្រែកថាចោរៗដេីម្បីឲ្យប្រជាពលរដ្ឋជួយដេញចាប់បាននៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រួចទាក់ទងទៅសមត្ថកិច្ចចុះមកវាយខ្នោះផងដែរ ។
ក្រោយមក សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២ បានឃាត់ជនសង្ស័យទាំង២នាក់ខាងលេីប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលផ្សារដេីមថ្កូវ ដេីម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកនារីរងគ្រោះក៏ទទួលបានទូរស័ព្ទពីសមត្ថកិច្ចវិញ និងដាក់ពាក្យបណ្ដឹងទៅលេីជនសង្ស័យទាំង២នាក់ ដេីម្បីឲ្យសមត្ថកិច្ចជំនាញអនុវត្តតាមច្បាប់ផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ