អន្តរជាតិ៖ នៅថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២០ តុលាការប្រទេសម៉ាឡេស៉ី បានរកឃើញជុំវិញ ការចោទប្រកាន់លើបទល្មើសចំនួន៧ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) របស់លោក ណាជីប អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
តាមការចេញផ្សាយដោយ សារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី២៨ខែកក្កដានេះ ចៅក្រមតុលាការជាន់ខ្ពស់ម៉ាឡេស៊ី លោក Mohd Nazlan Mohd Ghazali បានរកឃើញថាលោក ណាជីប មានអាយុ៦៧ឆ្នាំ បានប្រព្រឹត្តទោសកំហុសក្នុងនោះរួមមាន ល្មើសអំណាចមួយបទចោទ, រំលោភលើសេចក្ដីទុកចិត្ត៣បទចោទ, និងលាងលុយកខ្វក់៣បទចោទ ពាក់ព័ន្ធនឹងអំពើពុករលួយលើមូលនិធិរដ្ឋ 1MDB ក្នុងទំហំទឹកប្រាក់ ១៣.៦លានដុល្លារ។
បន្ថែមពីលើនេះ បទល្មើសនីមួយៗនេះទៀតសោត មានទោសជាប់ពន្ធពី១៥ដល់២០ឆ្នាំ ប៉ុន្តែក្រុមមេធាវីការពារក្ដីរបស់លោក ណាជីប បានស្នើឱ្យមានការបន្ធូរបន្ថយទោសទាំងនេះ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែសីហាខាងមុខ។
គួរបញ្ជាក់ថា លោក ណាជីប រ៉ាហ្សាក់ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ផងដែរ ៕
ដោយ៖ស តារា