ខេត្តកំពង់ចាម ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ – មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក បានប្រកាសនៅថ្ងៃនេះថា មូលនិធិ នឹងបន្ពពង្រីកកម្មវិធី អប់រំហិរញ្ញវត្ថុសម្រាប់កុមារ ឆា ឈីង (Cha-Ching Money Smart Kids) របស់ខ្លួនមកដល់ខេត្តកំពង់ចាម។
សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពី មូលនិធិព្រូដិនស៍ បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំមុនថា ការអនុវត្តកម្មវិធី ឆា-ឈីង នឹងត្រូវបានពង្រីកវិសាលភាពរយៈ ពេល ៣ ឆ្នាំ ខាងមុខទៀតនៅប្រទេសកម្ពុជា។
កាលពីខែសីហា ឆ្នាំ ២០១៧ មូលនិធិព្រូដិនស៍ ក៏បានសហការជាមួយ អង្គការមូលនិធិសិទ្ធិកុមារ ដើម្បីអនុវត្តសាកល្បងកម្មវិធីអប់រំ ឆា ឈីងដោយបានជួយរៀបចំផែនការមេរៀន និងវគ្គបណ្តុះបណ្តាលសម្រាប់លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យពួកគាត់ជួយបង្រៀនជំនាញគ្រប់គ្រងហិរញ្ញវត្ថុសំខាន់ៗដល់សិស្សានុសិស្ស ។ ដោយសារការរាតត្បាតនៃវីរុសកូវីដ ១៩ បានបង្ខំសាលារៀនទាំងអស់ឱ្យបិទទ្វារ អាស្រ័យហេតុនេះ ការអនុវត្តកម្មវិធី ឆា ឈីង ឱ្យបានពេញលេញ រួមទាំងសកម្មភាពក្នុងថ្នាក់រៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម នឹងត្រូវបានពន្យាពេលរហូតដល់មានសេចក្ដីប្រកាសជាផ្លូវការឱ្យបើកសាលារៀនវិញពីរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនគោលដៅ អាចស្វែងរកវគ្គបណ្ដុះបណ្ដាល និងកម្មវិធីអប់រំ ឆា ឈីង ដោយខ្លួនឯងតាមរយៈវីដេអូ ដែលធ្វើឡើងដោយ អង្គការមូលនិធិសិទ្ធិកុមារ។
កម្មវិធី ឆា-ឈីង «Cha-Ching Money Smart Kids» គឺជាកម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារ អាយុចាប់ពី ៧ ឆ្នាំ ដល់ ១២ ឆ្នាំ ដែលទទួលបានពានរង្វាន់ និងជាកម្មវិធីបង្រៀនក្មេងៗ អំពីជំនាញជាមូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់ និងដើម្បីក្លាយអ្នកមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។ កម្មវិធីនេះ មានតួអង្គជាគំនូជីវចលចំនួន៦នាក់ ក្នុងក្រុមតន្ត្រីមួយដែលផ្សព្វផ្សាយពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុចំនួន៤ រួមមាន ការរកលុយ ការសន្សំ ការចំណាយ និងការបរិច្ចាគ តាមរយៈបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនបទ។
លោកស្រី ស៊ាង លក្ខិណា ប្រធានត្រួតពិនិត្យជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឱ្យដឹងថា លោកស្រីពិតជាមានមោទនភាពចំពោះសមិទ្ធផលដែលកម្មវិធី ឆា ឈីង សម្រេចបានកន្លងមក រួមទាំងការពង្រីកវិសាលភាពនៃកម្មវិធី មកដល់កុមាររាប់ពាន់នាក់ នៅទូទាំងប្រទេសកម្ពុជា។
លោកស្រី បានមានប្រសាសន៍ថា៖ «ក្រោយពីទទួលបានជោគជ័យ ក្នុងការអនុវត្តកម្មវិធី ឆា ឈីង Cha-Ching Money Smart Kidsក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រួចមក យើងពិតជាមានសេចក្តីសោមន្ស នឹងពង្រីកវិសាលភាព កម្មវិធីនេះបន្ថែមទៀតមកដល់ខេត្តកំពង់ចាម។ យើងមានទំនុកចិត្តថា ក្មេងៗនៅក្នុងខេត្តកំពងចាម នឹងត្រូវបានបំផុសគំនិតដោយកម្មវិធីអប់រំហិរញ្ញវត្ថុនេះ និងក្លាយជាអ្នកមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។ ដោយមានការគាំទ្រពីដៃគូពាក់ព័ន្ធសំខាន់ៗ និងក្រសួងអប់រំ យុវជន និងកីឡា យើងនឹងបន្តពង្រីកកម្មវិធីនេះ ដើម្បីជម្រុញឥរិយាបថក្មេងៗ និងបង្កើនការយល់ដឹងរបស់ពួកគេបន្ថែមទៀត លើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុមូលដ្ឋាន។»
នាយកប្រតិបត្តិ អង្គការមូលនិធិសិទ្ធិកុមារ លោកស្រី គង់ ម៉ារ៉ាឌីនិយាយអំពីអត្ថប្រយោជន៍នៃកម្មវិធីនេះ និង របៀបដែលកម្មវិធីនេះជម្រុញឱ្យមានការចូលរួមពីសំណាក់ឪពុកម្តាយ និងកូនៗ របស់ពួកគេ។
លោកស្រី បានមានប្រសាសន៍ថា៖ “តាមរយៈកម្មវិធី ឆា ឈីង នាងខ្ញុំពិតជាជឿជាក់ថាកុមារកម្ពុជានឹងទទួលបាននូវជំនាញបំណិនជីវិតដ៏ប្រសើរមួយ ដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់កុមារ និងគ្រួសារក្នុងការប្រើប្រាស់ និងគ្រប់គ្រងថវិការបស់ពួកគេប្រកបដោយភាពឆ្លាតវៃ…ហើយនាងខ្ញុំសង្ឃឹមថា ក្រុមការងារ និងសាលាគោលដៅទាំងអស់ នឹងបន្តការចូលរួមយ៉ាងសកម្មបន្ថែមទៀត ដើម្បីធ្វើឱ្យគម្រោងកម្មវិធីនេះទទួលបាននូវលទ្ធផលជាវិជ្ជមាន ដូចការរំពឹងទុកក្នុងគម្រោង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ មូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូដិនសសកម្ពុជា ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា ក្នុងការអនុវត្តកម្មវិធីនេះនៅកម្ពុជា។»
កម្មវិធី ឆា–ឈីង គឺជាគំនិតផ្តួចផ្តើមរបស់ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសលអាស៊ី និងអាហ្វ្រិក។ ដោយចាប់ដៃគូជាមួយបណ្តាញទូរទស្សន៍តុក្កតា(Cartoon Network) ដែលជាប៉ុស្តិ៍ទូរទស្សន៍កុមារឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក និងជាមួយ វេជ្ជបណ្ឌិត Alice Wilder ជាអ្នកជំនាញផ្នែកអប់រំ និងចិត្តវិទ្យាកុមារ ដែលបានឈ្នះពានរង្វាន់Emmy-award កម្មវិធីនេះ បានប្រើប្រាស់វិធីសាស្ត្របង្រៀនក្មេងៗtតាមរយៈបទចម្រៀងដែលមានលក្ខណៈទាក់ទាញ និងតាមកម្រិតរបស់កុមារ ដើម្បីបញ្រ្ជៀបគំនិតគ្រប់គ្រងហិរញ្ញវត្ថុសំខាន់ៗបួន គឺរកលុយ សន្សំ ចាយ និងបរិច្ចាគ។ ឆា–ឈីង គឺជាវីដេអូគំនូរជីវចលដែលមានរយៈពេល ៣ នាទីសម្រាប់កុមារអាយុពី ៧ ទៅ ១២ ឆ្នាំមានជា ១០ ភាសា និងមានទៅដល់ ៣៤ លានគ្រួសារទស្សនាជារៀងរាល់ថ្ងៃ តាមរយៈប៉ុស្តិ៍ Cartoon Network។
ដោយបានបង្កើតឡើង ក្រោមកិច្ចសហការដៃគូជាមួយ Junior Achievement កម្មវិធីសិក្សា ឆា–ឈីង កំពុងផ្តល់នូវរចនាសម្ព័ន្ធមេរៀនដល់គ្រូបង្រៀនតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ មានគ្រូជាង ១ម៉ឺននាក់ត្រូវបានបណ្តុះបណ្តាលក្នុងការផ្តល់កម្មវិធីសិក្សានៅទូទាំង៨ ទីផ្សារក្នុងទ្វីបអាស៊ី និងអាហ្រ្វិក។
គេហទំព័រ ឆា–ឈីង (www.cha-ching.com) មានបន្ថែមនូវសម្ភារនិងសកម្មភាពតាមអ៊ិនធឺរណែត ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងប្រាក់ពិតប្រាកដ សម្រាប់កុមារ ឪពុកម្តាយនិងគ្រូបង្រៀន។
មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ កាន់តែមានសុខសុវត្ថិភាព និងភាពធន់មាំជាងមុន។ មូលនិធិនេះគឺជាអង្គការសប្បុរសធម៌ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prudencefoundation.com