ព័ត៌មានទាន់ហេតុការណ៍៖

លោកសរ សុដានី បន្តចុះរៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំណតរថយន្ត និងជុំវិញផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងអំពាវនាវដល់បងប្អូនអាជីវករផ្សារវាលយន្តដាក់តាំងទំនិញនានាតាមការកំណត់របស់រដ្ឋបាលក្រុង ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់អោយបានល្អ ។

ការអំពាវនាវបែបនេះគ្រាដែលលោក សរ សុដានី អភិបាលរងក្រុងតំណាងអភិបាលក្រុងស្វាយរៀងនៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ កក្កដាឆ្នាំ២០២០ រៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំណតរថយន្ត និងជុំវិញផ្សារវាលយន្ត ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង។

ការចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងនេះមានការចូលរួម សហការជាមួយអធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង លោក នាយករដ្ឋបាលសាលាក្រុង ប្រធានការិយាល័យចំណុះសាលាក្រុង  ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ប្រជាការពារភូមិ និងភាស៊ីផ្សារវាលយន្ត។

លោកបន្តថាការចុះរៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំណតរថយន្ត និងជុំវិញផ្សារវាលយន្ត ដើម្បីថែរក្សាចំណីផ្លូវ បញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ  ជាពិសេសលើកកម្ពស់សោភណភាពក្នុងក្រុងស្វាយរៀង ។

ដោយក្រុមការងាររបស់លោកខំប្រឹងរៀបចំសណ្តាប់ធ្នាប់នេះគឺដើម្បីបងប្អូនទូទៅ មិនមែនដើម្បីបុគ្គលណាម្នាក់ទេ ដើម្បីសោភណ្ឌភាព ដើម្បីភាពងាយស្រួលបងប្អូនទូទៅធ្វើដំណើរ ងាយស្រួលទិញទំនិញដែលប្អូនតាំងលក់នៅទីនោះផង ចុះហេតុអីប៉ុណ្ណឹងបងប្អូនអាជីវករធ្វើមិនបាន។

លោកបន្ថែមថាក្នុងនាមរដ្ឋបាលក្រុងយើងខ្ញុំគឺចង់ឃើញបងប្អូនភ្ញាក់រលឹកដោយខ្លួនឯង ធ្វើដោយសុទ្ធចិត្ត ទើបជាគំរូល្អបំផុតហើយគង់វង្ស ហើយរូបលោកជឿជាក់ថាបងប្អូនអាជីវករលក់ដូរគឺអាចធ្វើបាន៕ដោយ៖យឹម សុថាន


ចែករំលែក៖