ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្តចុះពិនិត្យមើលតំបន់សក្ដានុពលទេសចរណ៍ចំនួន ២កន្លែង នៅក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់សហការការពារតំបន់ទាំងពីរនេះឲ្យបានគង់វង្សល្អប្រសើរ និងដាក់ទិសដៅដល់មន្ទីរជំនាញធ្វើការស្រាវជ្រាវចងក្រងជាប្រវត្តិចាត់ចែងរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ។

ការថ្លែងបែបនេះក្នុងការចុះពិនិត្យតំបន់សក្ដានុពលទេសចរណ៍ចំនួន ២កន្លែង ស្ថិតនៅក្នុងស្រុករមាសហែក នាព្រឹកថ្ងៃអង្គារ ០៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

ក្នុងឪកាសនោះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្ត ជាច្រើនរូបផងដែរ។

លោកបន្តថាយើងមានតំបន់សក្ដានុពលទេសចរណ៍នៅស្រុករមាសហែកទាំង ២កន្លែង នោះ រួមមាន ៖

ទី១-តំបន់រៀបចំ ឈ្មោះ “ប្រាសាទអង្គរថ្មីបូរីខ្មែរ” ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ។

ទី២-តំបន់ប្រាសាទជាហោ ស្ថិតនៅភូមិព្រៃក្ដី ឃុំគគីរ ។

លោក បានស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់សហការការពារតំបន់ទាំងពីរនេះឲ្យបានគង់វង្សល្អប្រសើរ និងដាក់ទិសដៅដល់មន្ទីរជំនាញធ្វើការស្រាវជ្រាវចងក្រងជាប្រវត្តិ និងចាត់ចែងរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលគ្រប់គ្រង និងការពារ ព្រមទាំងត្រូវរៀបចំផែនការមេឲ្យបានច្បាស់លាស់ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាមូលដ្ឋានទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៅលើមូលដ្ឋានទេសចរណ៍ដែលមានស្រាប់ក្នុងខេត្ត សម្រាប់អ្នកទេសចរទាំងក្នុង និងក្រៅខេត្តមកទស្សនា និងលេងកម្សាន្ត ផងដែរ៕យឹម សុថាន


ចែករំលែក៖