ខេត្ដបន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ១៤ឆ្នាំ ម្នាក់ដើរជីកទំពាំងនិងដាក់អន្ទាក់សត្វក្បែរព្រំដែនកម្ពុជា-ថៃជាន់មីនសល់ពីសម័យសង្គ្រាមរងរបួសធ្ងន់កាលពី វេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ នៅចំណុចខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។
លោកអធិការនគរបាល ស្រុកថ្មពួក សៅ សារឿនបានឲ្យដឹងថា៖ក្មេងប្រុសរងគ្រោះ ឈ្មោះ ឈុំ ខេន ភេទប្រុសអាយុ១៤ឆ្នាំ មានទីលំនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោក អធិការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានដើរចូលទៅក្នុងទឹកដីថៃតាមបន្ទាត់ព្រំដែន ត្រង់ចន្លោះបង្គោលសីម៉ាលេខ២៨-២៩ នៅចំណុចខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ដើម្បីដាក់អន្ទាក់សត្វនិងដើររកជីកទំពាំងគ្រាន់ដោះដូរក្នុងជីវភាពគ្រួសារ តែចៃដន្យជាន់មីនសល់ពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ជើងទាំង២និងខ្លួនប្រាណ ។ក្រោយពីកើតហេតុក្មេងរងគ្រោះ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំការនៅ ទីនោះ ជួយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។
ជាមួយគ្នានោះដែរ លោក អធិការនគរបាលស្រុថ្មពួក សៅ សារឿនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ពិសេសកុំទៅជិតព្រំដែនដើម្បីរុករកអនុផលព្រៃឈើឬក៏ដាក់អន្ទាក់សត្វ ព្រោះជាតំបន់គ្រោះថ្នាក់សំបូរទៅដោយគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាមអាចបង្ក គ្រោះថ្នាក់ជាយថាហេតុ ហើយឃើញមានស្លាកសញ្ញាគ្រោះថ្នាក់មីន កុំទៅចូលព្រៃដែលមានស្លាកសញ្ញា ហាមឃាត់អាចកើតគ្រោះថ្នាក់ដល់ជីវិត ៕ ដោយ៖វណ្ណា