អន្តរជាតិ៖ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺឆ្លង COVID-19 បុគ្គលិកស្រីប្រុស៤នាក់ នៅផ្សារទំនើប E. Leclerc de Luçon នៃដេប៉ាតឺម៉ង់ Vendée ប្រទេសបារាំង បាននាំគ្នាស្រាតធ្វើយុទ្ធនាការជំរុញឲ្យអតិថិជនរបស់ខ្លួនពាក់ម៉ាស និងរូបថតពីសកម្មភាពរបស់ពួកគេ ត្រូវបានចែកចាយពេញបណ្តាញសង្គម ហើយថៅកែផ្សារក៏បានគាំទ្របុគ្គលិករបស់ខ្លួនផងដែរ។
លោក Michel-Edouard Leclerc ដែលជាថៅកែផ្សារ បានគាំទ្រ និងរីករាយចំពោះគំនិតផ្តួចផ្តើមបែបសិល្បៈរបស់បុគ្គលិកខ្លួន។ លោកបានលើកឡើងថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះការពាក់ម៉ាសនៅទីសាធារណៈ ហើយកាយវិការបុគ្គលិករបស់លោកមិនមែនធ្វើសម្រាប់ខ្លួនឯងនោះឡើយ ប៉ុន្តែសម្រាប់អតិថិជន និងមនុស្សទូទៅ។
ដោយនៅលើហ្វេសប៊ុករបស់ខ្លួន លោក Leclerc បានលើកឡើងថា ចំនួនទេសចរកើនឡើង ហើយពួកគេភាគច្រើន នាំគ្នាក្នុងហាងនៅតាមតំបន់ដែលពួកគេសម្រាកវិស្សមកាល ហើយបើគ្មានយុទ្ធនាការត្រឹមត្រូវទេ ឱកាសឆ្លងCOVID-19 រលកទីពីរនឹងកាន់តែធ្ងន់ធ្ងរ។
តាមពិតទៅគំនិតនេះ គឺចង់ជំរុញឲ្យអតិថិជនរបស់ផ្សារ Luçon ដែលស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម La Belle Vie នាំគ្នាពាក់ម៉ាស ក៏ដូចជាការពង្រឹងបទបញ្ជារបស់រដ្ឋាភិបាលលើការតម្រូវឲ្យពាក់ម៉ាសនៅទីសាធារណៈ។«យើងបន្តយុទ្ធនាការជាអតិបរិមាដើម្បីឲ្យមនុស្សទាំងអស់ពាក់ម៉ាស ជាជាងការស្រាតនៅចំពោះមុខជំងឺឆ្លង»។ នេះជាការបញ្ជាក់របស់ក្រុមអ្នកធ្វើយុទ្ធនាការ។
សូមជម្រាបថា បើតាមរយៈរូបភាព ទោះបីជាជាបុគ្គលិកទាំង៤រូប (ស្រី១រូប) សុទ្ធតែស្រាតក៏ដោយ ប៉ុន្តែពួកគេបានពាក់ម៉ាស ហើយដោយមានផ្ទាំងអក្សរ«Portez Votre Masque» (ពាក់ម៉ាសរបស់អ្នក) នៅពីមុខ។
បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ប្រទេសបារាំងមានអ្នកឆ្លង COVID-19 ជាង១៨ម៉ឺនករណី ក្នុងនោះស្លាប់ជាង៣ម៉ឺននាក់ និងសះស្បើយជាង៨១០០០នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែកក្កដានេះមក រដ្ឋាភិបាលបារាំង បានតម្រូវឲ្យពលរដ្ឋពាក់ម៉ាសនៅតាមទីសាធារណៈបិទជិត ដូចជា៖ ហាងទំនិញមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័នរដ្ឋបាល ធនាគារ ផ្សារ ក៏ដូចជាក្នុងបន្ទប់ប្រជុំ រោងកុន និងដំណើរតាមមធ្យោបាយសាធារណៈជាដើម។ ដោយឡែកសម្រាប់អ្នកដែលរំលោភបំពានវិធានការរបស់រដ្ឋាភិបាលត្រូវរងពិន័យ១៣៥អឺរ៉ូ៕ដោយ៖ស តារា