ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំ​ហុងកុង ប្រជាជន​គួរតែ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19​

ចែករំលែក៖

អន្តរជាតិ៖ មេដឹកនាំហុងកុង លោកស្រីការី ឡាំ បានលើកឡើនៅថ្ងៃទី២៨ខែកក្កដាម្សិលមិញថា ប្រជាជនគួរតែស្នាក់នៅផ្ទះបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19​ លោកស្រីបន្ថែមថា ទីក្រុងហុងកុងបច្ចុប្បន្នកំពុងស្ថិតលើមាត់ជ្រោះនៃការផ្ទុះកូរ៉ូណាវីរុសជាសហគមន៍ទ្រង់ទ្រាយធំ ដែលអាចនាំឲ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់មន្ទីរពេទ្យ និងប្រជាជន

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថាដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19 រដ្ឋាភិបាលតំបន់ស្វយ័តមួយនេះបានចេញវិធានការមួយចំនួនដូចជា ហាមការជួបជុំមនុស្សលើសពីពីរនាក់ហាមបរិភោគអាហារនៅក្នុងភោជនីយដ្ឋាន តម្រូវឲ្យប្រជាជនពាក់ម៉ាស់នៅទីសាធារណៈ រក្សាគម្លាតសុវត្ថិភាព និងវិធានការផ្សេងទៀត ចំណាក់ការទាំងនេះ មានសុពលភាព ចាប់ពីថ្ងៃទី២៩ខែកក្កដា តទៅ

សូមជម្រាបថា ទីក្រុងហុងកុង នៅថ្ងៃទី២៨ ខែកក្កដា បានរាយការណ៍ថាមានករណីឆ្លង​COVID-19 ថ្មីចំនួន ១០៦ករណី ក្នុងនោះករណីឆ្លងក្នុងស្រុកមានចំនួន ៩៨ករណី ចំនួននេះ គឺធ្លាក់ចុះបន្តិច បើធៀបនឹងតួលេខនៅពេលកន្លងមក ដែលមានករណីលើសពី ១១០ករណី

គួរបញ្ជាក់ថា ទាក់ទិននឹងករណីឆ្លង COVID-19 នៅក្នុងក្រុងនេះ លោកស្រីការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «​យើង គឺស្ថិតនៅលើមាត់ជ្រោះនៃការផ្ទុះ​COVID-19 ជាសហគមន៍ទ្រង់ទ្រាយធំ ដែលអាចបង្កឲ្យប្រព័ន្ធមន្ទីរពេទ្យដួលរលំ និងប៉ះពាល់ដល់អាយុជីវិតប្រជាជនជាច្រើននាក់ ជាពិសេសគឺមនុស្សចាស់​»​ លើសពីនេះទៅទៀតលោកស្រី ការីឡាំ បានជំរុញឲ្យប្រជាជន អនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព វិធានការរដ្ឋាភិបាលឲ្យបានម៉ត់ចត់ និងស្នាក់នៅផ្ទះបណ្តោះអាសន្នសិនដើម្បីការពារការឆ្លងកូរ៉ូណាវីរុស

បើគិតមកត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុងហុងកុងមានករណីឆ្លងCOVID-19 សរុបចំនួន ២៨៨៥ករណី អ្នកស្លាប់ចំនួន ២៣នាក់ និងអ្នកជាសះស្បើយមានចំនួន ១៥២៧នាក់ ក្នុងរយៈពេលចុងក្រោយនេះ ករណីឆ្លង​COVID-19 នៅក្នុងក្រុងហុងកុង បានហក់ឡើងលើសពី១០០ករណីខណៈការបោះឆ្នោតសភា ជិតមកដល់នៅថ្ងៃទី ខែកញ្ញា ខាងមុខនេះ

ដោយ៖ស តារា


ចែករំលែក៖