ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញកូនសោជាប់ម៉ូតូខំតែអរបញ្ឆេះបម្រុងជិះទៅបែរជាជាប់សោបូមមុខម្ចាស់ឃេីញទាន់ចាប់ជាប់

ចែករំលែក៖

ភ្នំពេញ ៖ លោកគ្រូពេទ្យធ្មេញម្នាក់បានទុកម៉ូតូស្គូពីមួយគ្រឿងនៅខាងមុខផ្ទះដោយភ្លេចដកកូនសោចេញពីម៉ូតូតែសំណាងល្អគាត់បានចាក់សោបូមមុខ។

ខណៈគាត់កំពុងធ្វេីធ្មេញឲ្យគេស្រាប់តែមានជនសង្ស័យម្នាក់មកឃេីញឱកាសល្អក៏ឡើងបញ្ឆេះម៉ូតូបម្រុងជិះចេញទៅតែទៅមិនរួចព្រោះជាប់សោបូមមុខ។ពេលឮសំឡេងម៉ាសុីនម៉ូតូម្ចាស់ក៏ចេញមកមើលឃើញជនសង្ស័យប្រុងលួចម៉ូតូរបស់ខ្លួនក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅមុខផ្ទះពេទ្យធ្មេញ ផ្លូវបេតុងលេខ១៩៦ ក្រុម១ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ អ៊ុំ ចាន់ធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

ចំណែកជនរងគ្រោះមានឈ្មោះ កង មាស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះកើតហេតុហេតុ ។

រីឯម៉ូតូដែលជនសង្ស័យប៉ុនប៉ងលួចម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-3045 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ចតម៉ូតូទុកនៅមុខផ្ទះ ដោយភ្លេចដកកូនសោចេញ តែបានចាក់សោបូមមុខ ហើយរវល់តែធ្វើធ្មេញឲ្យភ្ញៀវ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យរូបនេះបានមកធ្វើសកម្មភាពលួច ដោយឡើងជិះបញ្ឆេះបម្រុងគេចខ្លួន តែជាសំណាងល្អម៉ូតូបានជាប់សោបូមមុខ ហើយគាត់ក្រឡេកមើលឃើញទាន់ក៏ ស្រែកឆោឡោផ្អើលដល់ពលរដ្ឋជួយដេញតាមចាប់ខ្លួនបានភ្លាមៗ រួចប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាន សមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍កាកាបទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់ដើមវិញ ៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖