អន្តរជាតិ៖ ស្នងការរងប៉ូលិសទីក្រុងជីកាហ្គោ រដ្ឋIllinois លោក Dion Boyd ដែលទើបបានឡើងឋានៈជាស្នងការរង បានធ្វើអត្តឃាតនៅថ្ងៃទី២៨ ខែកក្កដា ។ ការណីធ្វើអត្តឃាតនេះគឺជាលើកទីពីរហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ ដោយសារតែរងសម្ពាធការងារខ្លាំងពេក។
អភិបាលក្រុងជីកាហ្គោ លោកស្រី Lori Lightfoot បានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា(ពេលវេលាអាមេរិក)ថា «ស្នងការរងទទួលបន្ទុកតាមដានបណ្តាញជនល្មើស លោក Dion Boyd អាយុ៥៧ឆ្នាំបានធ្វើអត្តឃាតកាលពីយប់មុិញ»។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពរបស់លោកDion Boyd មានស្នាមគ្រាប់កាំភ្លើង ក្រោយពីគេបានឃើញសាកសពរបស់លោក នៅក្នុងទីស្នាក់ការប៉ូលិសក្នុងតំបន់Homan Square ភាគខាងលិចទីក្រុងជីកាហ្គោនៅព្រឹកថ្ងៃទី២៨ខែកក្កដា។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៩ ខែកក្កដា ស្នងការប៉ូលិសទីក្រុងជីកាហ្គោ លោកDavid Brown បាន បង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្វើអត្តឃាតរបស់លោក Dion Boyd ។ នៅពេលនេះដែរកម្លាំងជំនាញកំពុងស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីការធ្វើអត្តឃាតរបស់ស្នងការរងប៉ូលិសទីក្រុងជីកាហ្គោ៕
ដោយ៖ធី រីណា