អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា លោកត្រាំត្រូវបេក្ខភាពប្រធានាធិបតី ចូ បៃឌិននាំមុខទាំងក្នុងរដ្ឋសំខាន់មានប្រពៃណីគាំទ្រគណបក្សសាធារណរដ្ឋ។ អ្វីដែលលោកត្រាំសង្ឃឹមយកឈ្នះក្នុងការបោះឆ្នោតនោះ គឺធ្វើយ៉ាងណាឲ្យមានវ៉ាក់សាំង ប្រឆាំងកូវីដ-១៩មុនពេលបោះឆ្នោត ទើបអាចមានសង្ឃឹមឡើងវិញ។
នៅក្នុងការស្ទង់មតិថ្មីបំផុត ប្រធានាធិបតីវ័យ៧៤ឆ្នាំបានបាត់បង់ការគាំទ្រនៅតាមបណ្តារដ្ឋសំខាន់ៗ ដែលជួយឲ្យលោកជាប់ឆ្នោតកាលពីឆ្នាំ២០១៦។ ទាំងនោះហើយបានជាប្រធានាធិបតីអាមេរិកត្រូវការវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ សារព័ត៌មាន AP បានដកស្រង់សម្តីជំនួយការប្រធានាធិបតី ត្រាំ មកបញ្ជាក់ថា វត្តមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ទាន់ពេលវេលា គឺជាការជួយសង្គ្រោះពេលបោះឆ្នោត។
មន្ត្រីនៅសេតវិមានបានលើកឡើងថា ប្រសិនបើមានវ៉ាក់សាំងនៅក្នុងខែតុលា ឆ្នាំ២០២០នេះគឺជារឿងល្អបំផុត សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា។ អ្នកឯកទេសយុទ្ធសាស្ត្រ របស់គណបក្សសាធារណរដ្ឋ លោកCharlie Black បានប្រកាសថា ប្រធានាធិបតីត្រាំអាចនឹងប្រកាសប្រភេទវ៉ាក់សាំងព្យាបាលកូវីដ-១៩ នៅក្នុងខែតុលានេះ។
នៅពេលនេះ ទាំងលោកត្រាំ និង លោក ចូ បៃឌិន គឺបានបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនស្រាវជ្រាវផលិតវ៉ាក់សាំង របស់អាមេរិក ។ លោកត្រាំបានទៅកាន់ ក្រុមហ៊ុន Fujifilm Diosynth នៅភាគខាងជើង Carolina ចំណែក លោកបៃឌិនវិញបានបំពេញទស្សនកិច្ចទៅកាន់ ក្រុមហ៊ុនModerna ហើយលោកប្រកាសពីការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ ។
ជាមួយគ្នានេះវេជ្ជបណ្ឌិត Anthony Fauci បានលើកឡើងថា នៅចុងឆ្នាំ២០២០នេះអាមេរិកនឹងមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ៕
ដោយ៖ធី រីណា