ព័ត៌មានទាន់ហេតុការណ៍៖

សភាអាមេរិកនឹងស្នើឲ្យតំណាងរាស្ត្រទាំងអស់ត្រូវតែពាក់ម៉ាស់

ចែករំលែក៖

អន្តរជាតិ៖នៅថ្ងៃទី​២៩ ខែកក្កដា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានប្រកាស​ថា លោកស្រីនឹងស្នើដល់តំណាងរាស្ត្រទាំងអស់ត្រូវពាក់ម៉ាស់​ពេលចូលប្រជុំ​។
ការសម្រេច​ខាងលើកើតឡើង ក្រោយពេល​តំណាងរាស្ត្រមកពីរដ្ឋតិចសាស់ លោកLouie Gohmert ​ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩​ ។ ការរកឃើញឆ្លងកូវីដ-១៩ក្នុងពេលធ្វើតេស្ត​តាមបញ្ជារបស់លោកត្រាំ មុនពេលធ្វើដំណើរតាមជើងយន្តហោះ​ជាមួយ ប្រធានាធិបតីដូណាល់ ត្រាំទៅកាន់រដ្ឋតិចសាស់។
នៅរសៀលថ្ងៃទី​២៩ ខែកក្កដា ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi បានប្រកាសថា ​« បុគ្គលិក និងសមាជិក​សភា​ទាំងអស់ត្រូវតែ​ពាក់ម៉ាស់ពេល​ចូលរួមកិច្ចប្រជុំ​។
លោកស្រី​Nancy Pelosi បានលើកឡើងថា «ខ្ញុំសង្ឃឹមថាសមាជិកសភាទាំងអស់រួមទាំងបុគ្គលិក ត្រូវតែគោរពទៅតាមច្បាប់សុខភាព ដើម្បីថែរក្សា​សុខភាពផ្ទាល់ខ្លួន​ និងអ្នកនៅជុំវិញខ្លួន​ក្នុងបន្ទប់ប្រជុំ»។
លោកស្រីNancy Pelosi ក៏បានលើកឡើងផងដែរថា​ ម៉ាស់នឹងត្រូវចែកចាយដល់តំណាងរាស្ត្ររូបណា​​ដែលភ្លេចយកតាម នៅមុខទ្វារចូលបន្ទប់ប្រជុំ​។ កន្លងមក ក៏បានស្នើឲ្យពាក់ម៉ាស់​ក្នុងបន្ទប់ប្រជុំសភាផងដែរ ប៉ុន្តែមិនបង្ខំនោះឡើយ តែពេលនេះដោយសារតែមានករណីឆ្លងច្រើនក្នុងថ្នាក់ដឹកនាំទើបសភាត្រូវបង្ខំឲ្យពាក់ម៉ាស់ទាំងអស់គ្នាពេលប្រជុំ ៕ដោយ៖ធី រីណា


ចែករំលែក៖