ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមបណ្ដឹងរបស់សាច់ញាតិ បន្ទាប់ជនសង្ស័យរូបនេះវាយបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ និងប្រមាថគំរាមសម្លាប់ឪេពុក ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃពុុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ អ៊ូ សម្បត្តិ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពខាងលើបន្តថា ឪពុកជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសរមឹលគុណរបស់គាត់នេះ នៅពេលមកពីផឹកសុីក្រៅផ្ទះម្ដងៗ តែងតែអុកឡុក និងវាយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមសម្លាប់បងប្អូនម៉ែឪជានិច្ច។ជាក់ស្ដែង នៅពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ ពេលលោកកូនរូបនេះមកពីផឹកសុីដល់ផ្ទះវិញគេបោកចានបោកឆ្នាំង កាប់សម្លាប់សត្វដូចជាឆ្មា និងចាប់មាន់យកទៅក្លែមផឹកសុីបន្ត ។លុះពេលឪពុកស្ដីបន្ទោសបន្តិចបន្តួច បែរជាពោលពាក្យគំរាមប្រយ័ត្នអញសម្លាប់ដូចសត្វឆ្មាមិនដឹងធ្វើក្ដអីអញទេ ។ ដោយការទ្រាំនឹងការឈឺចាប់គ្រប់បែបយ៉ាងនេះពុំបាន ទើបក្រុមគ្រួសារសម្រេចចិត្តប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនអនុវត្តច្បាប់ ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យរូបនេះត្រូវបាន សមត្ថកិច្ចនគរបាលជំនាញនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុក ៕ ដោយ៖ បុឹម ពិន