កីឡាអន្តរជាតិ៖ កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោកសញ្ជាតិអូស្រ្តាលី Ashleigh Barty បានបង្ហើបឱ្យដឹងថា នាងនឹងមិនទៅប្រកួតនៅសហរដ្ឋអាមេរិក ក្នុងកម្មវិធី US Open នាឆ្នាំនេះទេដោយសារមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។
កីឡាការិនី Barty គឺជាកីឡាករលេចធ្លោជាងគេដែលប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ US Open ដែលគ្រោងធ្វើនៅទីក្រុងញូវយ៉កចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកីឡាការិនី Barty បាននិយាយថា “ក្រុមរបស់ខ្ញុំ និងខ្ញុំបានសំរេចចិត្តថាយើងនឹងមិនធ្វើដំណើរទៅសហរដ្ឋអាមេរិកនិងប្រទេសភាគខាងត្បូងនៃសហរដ្ឋអាមេរិកបើកនៅឆ្នាំនេះទេ។ ខ្ញុំស្រឡាញ់ព្រឹត្តិការណ៍នេះដែលវាជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែនៅតែមានហានិភ័យគួរឱ្យកត់សម្គាល់ដែលពាក់ព័ន្ធដោយសារជំងឺកូវីដ-១៩ ខ្ញុំមិនមានអារម្មណ៍ស្រួលសោះ ដោយត្រូវតែការពារខ្លួន និងនៅឲ្យឆ្ងាយពីហ្វូងមនុស្សដែលប្រមូលផ្តុំគ្នា។ ខ្ញុំត្រូវតែសម្រេចចិត្តចំពោះបញ្ហាសុវត្ថិភាពសុខភាពនេះ ដូច្នេះខ្ញុំបង្ខំចិត្តបោះបង់ចោលកម្មវិធីនេះតែម្តង”។
កីឡាការិនីវ័យ២៤ឆ្នាំរូបនេះមិនទាន់បានសំរេចថា តើនាងនឹងការពារតំណែងជើងឯកក្នុងការប្រកួតកម្មវិធី French Open របស់នាងឬអត់នោះទេ ដោយព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅចុងខែកញ្ញា ហើយក៏កំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ទូទាំងពិភពលោកដែរ។
ពាក់ព័ន្ធនឹងការចូលរួមកម្មវិធីខាងលើ កីឡាការិនី Barty បានឆ្លើបតបថា“ខ្ញុំនឹងធ្វើការសម្រេចចិត្តក្នុងព្រឹត្តិការណ៍ French Open និងព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសស្ត្រីនៅតាមតំបន់អឺរ៉ុបមួយចំនួនទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដូច្នេះអ្នកទាំងអស់គ្នានឹងដឹងពីការសម្រេចចិត្តរបស់ខ្ញុំ” ៕ដោយ៖ភារៈ