ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកកាំងម្នាក់ឈ្មោះរ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះបន្ទាប់ពីដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃហើយពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក នៅក្នុងខេត្តកំពង់ចាម ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ នៅថ្ងៃនេះ ព្រោះមិនមានជំងឺកូវីដ-១៩នោះទេ ។
ដោយឡែកលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា “ក្រុមការងារចត្តាឡីស័កកំពុងរៀបចំឲ្យស្រ្តីខ្មែរសញ្ជាតិអាមេរិកកាំងលោកស្រី រ៉ូស វីរ៉ា ដើម្បីចាកចេញពីមណ្ឌលចត្តាឡីស័ក បន្ទាប់ពីពិនិត្យមិនមានរោគសញ្ញាជំងឺកូវីដ-១៩នោះទេក្នុងរយៈពេលគ្រប់១៤ថ្ងៃ។ ហើយនៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃនេះ គាត់នឹងចាកចេញទៅផ្ទះវិញហើយ” ។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកក្កដា ស្ត្រីឈ្មោះ រ៉ូស វីរា បានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។បន្ទាប់មកអាជ្ញាធរបានរកឃើញគាត់សម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាម ហើយក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មី។
គួរបញ្ជាក់ថា ស្ត្រីរូបនេះបានរងការពិន័យប្រាក់ចំនួន ១លានរៀលផងដែរព្រោះតែការលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក៕
ដោយ៖សហការី