ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសហ្វីលីពីន គឺជា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​តំបន់​អាស៊ី​សម្រាប់​អ្នកការពារ​ដីធ្លី និង​សកម្មជន​បរិស្ថាន

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់អង្គការ Global Witness បានបញ្ជាក់នៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០២០ថា៖ សកម្មជនដីធ្លី និងសកម្មជនបរិស្ថាន នៅប្រទេសហ្វីលីពីន សរុប៤៣នាក់ត្រូវបានសម្លាប់ក្នុងប្រទេសមួយនេះ កាលពីឆ្នាំ២០១៩ មិនតែប៉ុណ្ណោះ ហ្វីលីពីនគឺជាប្រទេសដែលគ្រោះថ្នាក់បំផុតក្នុងតំបន់អាស៊ីសម្រាប់អ្នកការពារដីធ្លី និងសកម្មជនបរិស្ថាន

របាយការណ៍របស់ Global Witness បានសរសេរទៀតថា៖ ជិត៥០ភាគរយនៃអ្នកដែលត្រូវបានគេសម្លាប់ ជាប្រជាជនរស់នៅក្នុងកោះMindanao ទីកន្លែងដែលកងទ័ពហ្វីលីពីនមានវត្តមានជាយូរមកហើយដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមឥស្លាម និងពួកកុម្មុយនីស្ត ម្យ៉ាងកោះនេះ បានស្ថិតក្រោមច្បាប់អាជ្ញាសឹក រហូតដល់ចុងឆ្នាំ២០១៩

របាយការណ៍ដដែល សរសេរទៀតថា ក្រុមសកម្មជនរស់នៅក្នុងកោះMindanao និង Negro បូកបញ្ចូលគ្នាស្មើនឹងជិត ៩០ភាគរយនៃសកម្មជនដីធ្លី និងបរិស្ថាន ដែលត្រូវបានសម្លាប់ក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៩

ដោយឡែកក្រុមអ្នកការពារបរិស្ថានមួយចំនួនធំទៀត ក៏ត្រូវបានសម្លាប់ក្នុងកោះ Negros ដែលជាកោះផលិតស្ករសធំបំផុតនៅហ្វីលីពីនទីតាំងនេះ ក៏ហ៊ុមព័ទ្ធដោយកងទ័ព ហើយក៏ជាទីដែលពួកសកម្មជនតវ៉ាដើម្បីឈានទៅកាន់កំណែទម្រង់ដីធ្លី ដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាព

ក្នុងចំណោមនោះ ក៏មានមេដឹកនាំកុលម័ន្ធជនជាតិភាគតិច Manobo លើកោះ Mindanao ឈ្មោះថា Kaylo Bontolan ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារពីទ័ពអាកាសហ្វីលីពីន ក្នុងខែមេសា ឆ្នាំ២០១៩ ពោលគឺនៅពេលលោកបានត្រលប់មកផ្ទះលើភ្នំលោកវិញ ដើម្បីជួយប្រមែប្រមូលឯកសារដែលពួកយោធាប្រើអំពើហិង្សាដាក់សមាជិកកុលសម្ព័ន្ធលោក

គួរបញ្ជាក់ថា ជនរងគ្រោះ ភាគច្រើន គឺជាមេដឹកនាំជនជាតិភាគតិចប្រជាកសិករ និងបុគ្គលិករដ្ឋ ដែលទទួលបន្ទុកការពារបរិស្ថាន បើតាមរបាយការណ៍អង្គការ Global Witness ជាងពាក់កណ្ដាលនៃអ្នកបាត់បង់ជីវិត គឺជាប់ពាក់ព័ន្ធនឹងសិវប្បកម្ម ហើយការសម្លាប់១៦ករណីទៀតគឺទាក់ទងនឹងអាជីវកម្មជីករ៉ែ នេះជាតួលេខខ្ពស់បំផុតលើពិភពលោក

បច្ចុប្បន្នអង្គការ Global Witness រកឃើញទៀតថា សកម្មជនសរុប១១៩នាក់ ត្រូវបានសម្លាប់ អំឡុងពេលឆ្នាំក្រោយលោក រ៉ូឌ្រីហ្គោ ឌូទើតេឡើងកាន់អំណាច តួលេខនេះ គឺកើនជិតដង បើធៀបនឹងឆ្នាំមុនពេលលោកកាន់អំណាច៕ដោយ៖ស តារា


ចែករំលែក៖