ព័ត៌មានទាន់ហេតុការណ៍៖

ព្រេងខ្មែរ÷រឿង បឹង​ត្របែក(រាជធានីភ្នំពេញ)

ចែករំលែក៖

ឈ្មោះ​ភូមិ​ផ្សេង​ៗ នៅ​ក្នុង​ក្រុង​ភ្នំពេញ សុទ្ធ​សឹង​តែ​មាន​ប្រវត្តិ​ដើម​កំណើត ច្រើន​បែប​ច្រើន​យ៉ាង​ណាស់, ប៉ុន្តែ​ដែល​សំខាន់ គឺ​ត្រង់​រឿង​ណា​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ផង ជា​បែប​និទាន​ពីរោះ​ស្ដាប់​ផង ។ យើង​លើក​យក​មក​ចុះ​ផ្សាយ​ក្នុង​ទី​នេះ តែ​រឿង​ណា​ដែល​មាន​លំដាប់​រឿង​វែង​ឆ្ងាយ, ឯ​រឿង​ខ្លី​ៗ បន្តិច​បន្តួច ពុំ​បាន​លើក​យក​មក​អធិប្បាយ​ទេ ។ រឿង​បឹង​ត្របែក​នេះ មាន​ប្រាកដ​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជ​ពង្សាវតារ​ច្បាប់​សរសេរ​ដៃ តម្កល់​នៅ​ពុទ្ធសាសនបណ្ឌិត្យ​សព្វ​ថ្ងៃ ដែល​យក​មក​លំនាំ​រឿង​បាន ដូច​តទៅ តាម​សព្ទ​នៃ​ពាក្យ​ខាង​លើ​នេះ មិន​មែន​ជា​ពិបាក​យល់​ទេ តែ​នៅ​មាន​បញ្ហា​ខ្លះ ដែល​អ្នក​អាន​គួរ​ជ្រាប គួរ​ចាំ​ជា​ប្រវត្តិ ។ អាស្រ័យ​ហេតុ​នេះ បាន​ជា​យើង​ស្រាវ​ជ្រាវ រក​ពង្សាវតារ​នៃ​បឹង​ត្របែក មក​អធិប្បាយ​ជូន ។ តើ​ហេតុ​អ្វី បាន​ជា​គេ​ហៅថា “បឹង​ត្របែក” តាម​រូប​សព្ទ​នេះ គេ​អាច​យល់​បាន​ភ្លាម តែ​ត្រង់​ខុស ឬ​ត្រូវ​តាម​ប្រវត្តិ​នោះ យើង​មិន​ទាន់​ដឹង​ទេ បើ​យើង​បំបែក​សព្ទ​នេះ​ទៅ បាន​ន័យ​ថា “បឹង​ដែល​មាន​ដើម​ត្របែក ហៅថា បឹង​ត្របែក” តើ​ឈ្មោះ​នេះ ពិត​ដូច្នេះ​មែន​ឬ​ទេ ? ។ រឿង​នេះ ខ្ញុំ​សូម​នាំ​យក ប្រវត្តិ​មក​និទាន​ជូន​ដូច​តទៅ ៖ ព្រះ​បាទ​ជ័យជេដ្ឋា (ព្រះ​អង្គ​សូរ) ព.ស. ២២១៩ គង់​នៅ​ឧត្ដុង្គ​ឮ​ជ័យ បាន​សាង​វាំង ១ ទៀត នៅ​ទួល​ឪជ្រឹង ស្រុក​សំរោង​ទង​សព្វ​ថ្ងៃ ព្រះ​អង្គ​រើ​ព្រះ​រាជ​វាំង​ពី​ឧត្ដុង្គ​ឮ​ជ័យ មក​គង់​នៅ​ព្រះ​រាជ​វាំង​ទួល​ឪជ្រឹង ទុក​ព្រះ​មាតា គឺ​សម្ដេច​ព្រះ​ទាវ ឲ្យ​គង់​នៅ​ឯ​ឧត្ដុង្គ​ឮ​ជ័យ ។ ឯ​សម្ដេច​ព្រះ​បទុម​រាជា​មហា​ឧបរាជ ទ្រង់​ជ្រាប​ព័ត៌មាន​នេះ​ហើយ ក៏​មាន​ព្រះ​ទ័យ​ត្រេក​អរ​ជា​ពន់​ពេក ហើយ​ប្រឹក្សា​ជា​មួយ​អុង​យួន រួច​លើក​ទ័ព​ខ្មែរ-យួន​ទៅ​លុក​វាំង ឧត្ដុង្គ​ឮ​ជ័យ ហើយ​ចាប់​យក​សម្ដេច​ព្រះ​ទាវ​ជា​ព្រះ​វរ​រាជ​មាតា​នៃ​ព្រះ​ជ័យ​ជេដ្ឋា និង នាង​អាំ ជា​សាវឡិក នាំ​យក​ទៅ​នៅ​បន្ទាយ​ជ្រោយ​ចង្វា ។

ព្រះ​ជ័យ​ជេដ្ឋា ដែល​គង់​នៅ​វាំង​ទួល​ឪជ្រឹង កាល​បើ​ទ្រង់​ជ្រាប​ការណ៍​នេះ​ហើយ ទ្រង់​ព្រះ​កន្សែង​សោយ​សោក​អាឡោះ​អាល័យ​ពី​ការ​និរាស​ព្រាត់​ព្រះ​វរ​មាតា ។ ព្រះ​អង្គ​រើ​ព្រះ​រាជ​ដំណាក់​ពី​ព្រះ​រាជ​វាំង​ទួល​ឪជ្រឹង ទៅ​គង់​ឧត្ដុង្គ​ឮ​ជ័យ​វិញ ។ ព្រះ​អង្គ​ទ្រង់​បាន​ប្រឹក្សា​ជា​មួយ​សេនាបតី នាម៉ឺន​សព្វ​មុខ​មន្ត្រី ឲ្យ​ប្រមូល​ទ័ព​ទៅ​ច្បាំង​ជា​មួយ​ទ័ព​ខ្មែរ-យួន ដែល​នៅ​ជ្រោយ​ចង្វា ដើម្បី​ដណ្ដើម​យក​ព្រះ​វរ​រាជ​មាតា​មក​វិញ ។ មន្ត្រី​ក៏​ប្រមូល​ទ័ព​បាន​គ្រប់​ចំនួន​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្ដា​ថា លើក​ទ័ព​ទៅ​វាយ​ទ័ព​យួន ដែល​មាន​ព្រះ​វរ​រាជ​មាតា​នៅ​ជា​មួយ​ផង​មិន​ស្រួល​ទេ ។ គិត​ដូច្នេះ ព្រះ​អង្គ​ទ្រង់​កែ​ព្រះ​រាជ​មធ្យោបាយ ។ ព្រះ​អង្គ ទ្រង់​ប្រឹក្សា​ជា​មួយ ពញា​មន្ត្រី​សង្គ្រាម​សួស្តិ៍ ដើម្បី​ទៅ​យក​ព្រះ​វរ​រាជ​មាតា ។ ចៅ​ពញា​មន្ត្រី​សង្គ្រាម​សួស្តិ៍ ថ្វាយ​ព្រះ​រាជ​យោបល់​ថា មាន​តែ​ប្អូន​ទូល​ព្រះ​បង្គំ ឈ្មោះ​ពញា​ភក្ដី​សង្គ្រាម​ហុក​ទេ ដែល​មាន​ថ្វី​ដៃ អាច​ទៅ​យក​ព្រះ​វរ​រាជ​មាតា​ព្រះ​អង្គ​បាន ។

ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក ទទួល​ព្រះ​រាជ​បញ្ជា​ហើយ ក៏​សន្យា​នឹង​ព្រះ​ជ័យ​ជេដ្ឋា​ថា តែ ៧ ថ្ងៃ នឹង​ធ្វើ​ការ​នេះ​ឲ្យ​បាន​សម្រេច ហើយ​សូម​ព្រះ​អង្គ​ឲ្យ​ទ័ព​ទៅ​ចាំ​ទទួល ។ ចៅ​ពញា​សង្គ្រាម​ហុក សុំ​យក​ទាសា​ជំនិត​ម្នាក់ ឈ្មោះ​គោ និង​សុនខ​មួយ ឈ្មោះ​អា​ស្រគំ ទៅ​ជា​មួយ ។ ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំពេញ​ហើយ ទៅ​សំណាក់​ក្នុង​វត្ត​ស្រកាលេញ រួច​ដើរ​ស៊ើប​យក​ការណ៍ រហូត​ដល់​បាន​ព័ត៌មាន​ថា ទ័ព​យួន ទុក​សម្ដេច​ព្រះ​ទាវ​ក្នុង​ទូក​នៅ​ឯ​ជ្រោយ​ចង្វា ។ នៅ​វេលា​យប់​ស្ងាត់ មេឃ​ងងឹត​រក​កល់​ចង់​ភ្លៀង​ផង ចៅ​ពញា​ភក្ដី​សង្គ្រាម យក​ទៀន​ធូប​ភ្ញី​ផ្កា​ខ្លះ លប​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​វត្ត​ស្រកា​លេញ ហើយ​តាំង​អធិដ្ឋាន​ថា : ខ្ញុំ​ព្រះ​អង្គ​នេះ មាន​ចិត្ត​កតញ្ញូ​នឹង​ព្រះ​បាទ​ជា​អម្ចាស់ ស៊ូ​លះ​ជីវិត​មិន​គិត​ស្លាប់ ទទួល​អាសា​មក​អញ្ជើញ​សម្ដេច​ព្រះ​ទាវ​ជា​ព្រះ​វរ​រាជ​មាតា ពី​កណ្ដាប់​ដៃ​នៃ​សត្រូវ បើ​សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ជា​អម្ចាស់​ខ្ញុំ ស្ដេច​បាន​សោយ​រាជ្យ​សម្បត្តិ ក្នុង​ក្រុង​កម្ពុជា​ធិបតី​នេះ សូម​កុំ​ឲ្យ​ទ័ព​យួន​ឃើញ​ស្គាល់​ខ្ញុំ​អម្ចាស់​ឡើយ ដោយ​សេចក្ដី​កតញ្ញូ​របស់​ខ្ញុំ សូម​កុំ​ឲ្យ​មាន​អន្តរាយ​អ្វី សូម​ទេវតា​ជួយ​ទំនុក​បម្រុង សូម​ឲ្យ​ខ្ញុំ​ទៅ​អញ្ជើញ​សម្ដេច​ព្រះ​ទាវ ជា​ព្រះ​វរ​រាជ​មាតា ពី​ក្នុង​ចំណោម​កង​ទ័ព​សង្គ្រាម​បាន​ដោយ​ងាយ ។

លុះ​ចប់​ការ​តាំង​អធិដ្ឋាន​ហើយ ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក នាំ​នាយ​គោ​ចេញ​ពី​ព្រះ​វិហារ ហើយ​ផ្ដាំ​ឲ្យ​អា​ស្រគំ​ចាំ​នៅ​មុខ​ព្រះ​វិហារ​នេះ ។ អ្នក​ផ្សង​សំណាង​ទាំង​ពីរ​នាក់ ផ្លាស់​សំពត់​យក​ចង​ទ្រូង ហើយ​យក​កាំបិត​ស្នៀត​សៀត​នឹង​ចង្កេះ ដើរ​រក​ឫស្សី​ហែល​ឆ្លង​ទៅ​ជ្រោយ​ចង្វា ។ ចៅ​ពញា​ភក្ដី​សង្គ្រាម ឆ្លង​ដល់​ត្រើយ​ហើយ ពួន​តាម​មាត់​ទឹក​តម្រង់​ទៅ​រក​ទូក​យួន ។ លូន​បណ្ដើរ សែក​មន្ត​គាថា​សណ្ដំ​ទ័ព​យួន​បណ្ដើរ, ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក បាន​ទៅ​ដល់​ទូក​ដែល​សម្ដេច​ព្រះ​ទាវ​ផ្ទំ ។ លោក​បាន​ឃើញ​សម្ដេច​ព្រះ​ទាវ​ហើយ ក៏​ចូល​ទៅ​ដាស់​ព្រះ​អង្គ ហើយ​ថ្វាយ​ចិញ្ចៀន​ព្រះ​ទម្រង់​ដែល​ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​បាន​ផ្ញើ​ឲ្យ​យក​ទៅ​ថ្វាយ​សម្ដេច​ព្រះ​មាតា​ជា​បន្ទាល់ ។ សម្ដេច​ព្រះ​ទាវ ទត​ឃើញ​សេនា​របស់​ព្រះ​អង្គ ទ្រង់​មាន​សេចក្ដី​រំភើប​ជា​ទី​បំផុត ។ ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក តឿន​ព្រះ​អង្គ​ឲ្យ​ចេញ​ពី​ទូក​យួន​ជា​ប្រញាប់ ។ តែ​ព្រះ​អង្គ​មាន​ព្រះ​រាជ​សវនីយ៍ ទៅ​កាន់​ចៅ​ពញា​សង្គ្រាម​ថា ឲ្យ​ទៅ​យក​នាង​អាំ​ជា​ភីលៀង មក​ជា​មួយ​ផង ព្រោះ​ធ្លាប់​កម្សត់​ជា​មួយ​ព្រះ​អង្គ ។

ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក នាំ​សម្ដេច​ព្រះ​ទាវ និង​នាង​អាំ ចេញ​ពី​ទូក​បាន​ហើយ មេឃ​ងងឹត​ឈឹង​រក​មើល​ទិស​តំបន់​អ្វី​មិន​ឃើញ ក៏​បញ្ជា​ឲ្យ​នាយ​គោ​ផ្ទៀង​ចាំ​ស្ដាប់​អា​ស្រគំ​លូ ។ ផ្ទៀង​សំឡេង​ឆ្កែ​លូ​ដាក់​ច្បាស់​ហើយ ចៅ​ពញា​សង្គ្រាម​ហុក នាំ​គ្នា​ហែល​ឆ្លង​មក​ត្រើយ​ភ្នំពេញ​វិញ ។ លុះ​ដល់​ត្រើយ​ហើយ សម្ដេច​ព្រះ​ទាវ យាង​ទៅ​សម្រាក​ព្រះ​កាយ​បន្តិច ក្នុង​វត្ត​ស្រកា​លេញ ហើយ​បន្ត​ព្រះ​រាជ​ដំណើរ​ទៅ​ទៀត, ចៅ​ពញា​សង្គ្រាម​ហុក បញ្ជិះ​សម្ដេច​ព្រះ​ទាវ ហើយ​ឲ្យ​នាយ​គោ នាង​អាំ អា​ស្រគំ​ដើរ​ទៅ​មុខ តម្រង់​ទៅ​ឧត្ដុង្គ​ឮ​ជ័យ ។ តែ​ពេល​នោះ មេឃ​ងងឹត​ពេក ចៅ​ពញា​សង្គ្រាម មើល​ផ្លូវ​ពុំ​ច្បាស់ ចេញ​ពី​វត្ត​ស្រកា​លេញ​ទៅ​ដោយ​ព្រាវ ទៅ​ដល់​បឹង​ត្របែក​សព្វ​ថ្ងៃ​នេះ ឃើញ​ផ្លូវ​បែក នាយ​គោ​ងាក​មក​សួរ​ចៅហ្វាយ​នាយ​ថា តើ​ត្រូវ​ដើរ​ទៅ​តាម​ផ្លូវ​ណា ? ។ ចៅ​ពញា​សង្គ្រាម​ហុក ក៏​បញ្ជា​ឲ្យ​នាយ​គោ បែក​ទៅ​ស្ដាំ ។ កន្លែង​ដែល​មាន​ផ្លូវ​បែក​នេះ មាន​សភាព​ទំនាប​ជា​បឹង​ទើប​ហៅថា “បឹង​ត្រង់​បែក”2 ។

ពាក្យ​ថា “បឹង​ត្រង់​បែក” នេះ អ្នក​ស្រុក​និយាយ​រហ័ស ក៏​ឮ​តែ​បឹង​ត្របែក​ៗ ទៅ​វិញ ។ សំដី​នេះ ក៏​ចេះ​តែ​ក្លាយ​ទៅ​ៗ រហូត​ដល់​បាត់​ន័យ​ដើម​របស់​ពាក្យ​ដូច្នេះ ។ លុះ​ភ្លឺ​ឡើង​ទៅ​ដល់​ស្ទឹង​ព្រែក​ត្នោត ទើប​ចៅ​ពញា​សង្គ្រាម ដឹង​ថា​វង្វេង​ផ្លូវ ។ ហើយ​នាំ​គ្នា​បែរ​មុខ​ទៅ​រក​ទិស ទៅ​កាន់​ឧត្ដុង្គ​ឮ​ជ័យ​វិញ ។ ទី​នេះ​ក៏​ជាប់​ឈ្មោះ​ថា បឹង​ត្របែក រហូត​មក ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

 


ចែករំលែក៖