ខេត្តសៀមរាប ៖ បើយោងតាមអ្នកជំនាញខាងទន្លេ បានអះអាងថា ខណៈដែលចរន្តទឹកទន្លេមេគង្គហូរចូលបឹងទន្លេសាប មានភាពយឺតយ៉ាវរយៈពេលពីរឆ្នាំជាប់ៗគ្នា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនេសាទត្រី និងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រភពប្រូតេអ៉ីនរបស់ប្រជាជនជាងមួយលាននាក់។ អ្នកជំនាញបន្ថែមថា ដោយសារតែចរន្តទឹកហូរបញ្ច្រាសចូលបឹងទន្លេសាបដ៏សំខាន់នេះប្រហែលយឺតយ៉ាវរហូតដល់ខែក្រោយ ព្រោះតែភាពគ្រោះរាំងស្ងួត និងទំនប់វារីអគ្គិសនីជាច្រើននៅក្នុងប្រទេសចិននិងឡាវដែលត្រូវបានគេវាយតម្លៃថា បានរំខានដល់លំហូរតាមធម្មជាតិនៃទន្លេមេគង្គ។
សូមជម្រាបថា បឹងទន្លេសាប ជាធម្មតារីកធំនៅរដូវវស្សាពេលទឹកទន្លេមេគង្គនិងទឹកស្ទឹងនានាហូរចូលក្នុងបឹងនេះបណ្តាលឲ្យបឹងនេះមានផ្ទៃធំ បង្កើតជាតំបន់ព្រៃលិចទឹក ដែលផ្តល់ជម្រកដល់ត្រីយ៉ាងច្រើនដែលពងនិងបន្តពូជ។ប៉ុន្តែចរន្តទឹកតាមធម្មជាតិគ្មានពីរនេះមិនទាន់កើតមានទេ ហើយប្រជាជនដែលពឹងផ្អែកលើបឹងនេះកំពុងតស៊ូរស់ដោយលំបាក។
បើតាមសម្តីប្រជានេសាទនៅតំបន់នោះ គឺលោក ខុន ខែក អាយុ ៣៧ ឆ្នាំដែលកំពុងជួសជុលសំណាញ់នៅក្រោមផ្ទះរបស់គាត់នៅកំពង់ឃ្លាំង ដែលជាភូមិអណ្តែតទឹកដែលសឹងតែរីងស្ងួតនៅ ខេត្តសៀមរាប បានប្រាប់ថា លោកចេញទៅនេសាទពីរយប់ តែនេសាទមិនបានគ្រប់គ្រាន់ទេ។ ដោយផលនេសាទរយៈពេលពីរយប់នោះ លោកលក់បាន ១ម៉ឺន ២ពាន់រៀលប៉ុណ្ណោះប៉ុន្តែកាលពីឆ្នាំមុន ក្នុងមួយថ្ងៃលោករកបានពី ៥ ទៅ ១០ ម៉ឺនរៀលគឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារដែលមានគ្នា៦នាក់។ រីឯភរិយារបស់លោកឈ្មោះ រ៉េត ថារី កំពុងបារម្ភថាគ្រួសារអ្នកស្រីលែងរកបានបែបនេះទៀតហើយ។ និយាយអំពីបំណុល១.០០០ ដុល្លារ លោកស្រីថ្លែងថា បើវានៅតែដូចនេះទៀតគឺអស់សង្ឃឹមហើយ ព្រោះតែពួកគេក៏ជំពាក់លុយធនាគារដែរ។
គួរបញ្ជាក់ថា ជាធម្មតា ទឹកទន្លេមេគង្គហូរបញ្ច្រាសចូលបឹងទន្លេសាបរយៈពេល ១២០ ថ្ងៃ ហើយធ្វើឲ្យបឹងនេះរីកធំ ៦ ដងគឺមានទំហំ ១ ម៉ឺនគីឡូម៉ែត្រក្រឡាមុនទឹកបឹងទន្លេសាបហូរចូលទន្លេមេគង្គវិញនៅចុងរដូវវស្សានាចុងខែកញ្ញា។ ពេលដែលទឹកបឹងទន្លេសាបនេះរីកធំ ត្រីអាចបង្កើតកូន ដែលអាចឲ្យអ្នកនេសាទចាប់លក់ នៅពេលដែលទឹកបឹងនេះស្រកវិញ ក្រោយរដូវវស្សា។
ដោយឡែកលោក ឡុង សារ៉ាវុធ អគ្គលេខាធិការរងគណៈកម្មការជាតិទន្លេមេគង្គកម្ពុជាបានមានប្រសាសន៍ថា តាមទិន្នន័យទឹកភ្លៀង លំហូរបញ្ច្រាសទឹកទន្លេសាបគឺនៅខែសីហា។ គណៈកម្មការទន្លេមេគង្គថា លំហូរបញ្ច្រាសយឺតពេលនេះបណ្តាលមកពីភ្លៀងតិចក្នុងឆ្នាំ ២០១៩ និងទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេមេគង្គគឺទំនប់ចំនួនពីរនៅប្រទេសឡាវ និងទំនប់ចំនួន ១១ នៅប្រទេសចិន។
គណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ពេលវេលានៃលំហូរបញ្ច្រាសទឹកទន្លេសាបទំនងជានឹងមិនដូចកាលពីមុនទៀតទេ។ បន្ទាប់ពីប្រទេសឡាវនិងចិន និយាយថា ទំនប់ទាំងនេះនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗហើយវាគ្រប់គ្រងលំហូរទឹក ជួយការពារទឹកជំនន់ និងគ្រោះរាំងស្ងួត។
សូមជម្រាបថា ខណៈវីរុសកូរ៉ូណាផ្ទុះឡើង បានរារាំងអ្នកដំណើរអន្តរជាតិទាំងនោះ ធ្វើឲ្យអ្នកភូមិកំពង់ឃ្លាំង គ្មានសង្ឃឹមថា អាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុកធ្វើដំណើរតាមទូកនៅភូមិកំពង់ឃ្លាំងទេ ដែលជាធម្មតាមានអ្នកដំណើរ៦០០នាក់ក្នុងមួយថ្ងៃ។ ហើយទូកទេសចរណ៍ប្រហែល ១៣០គ្រឿងត្រូវម្ចាស់ទុកចោលនៅក្បែរការិយាល័យទេសចរណ៍ ដែលគេចាក់សោរចោលនិងមានស្មៅដុះព័ទ្ធជុំវិញ។
ចំណែកលោក លី សំអាត ម្ចាស់ទូកទេសចរណ៍ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នប្រជាជនកំពង់ឃ្លាំង គឺជាអ្នកនេសាទ ដែលគ្មានត្រីសម្រាប់នេសាទ និងគ្មានការងារកសិកម្មសម្រាប់ធ្វើទេ ៕
ដោយ៖សហការី