អន្តរជាតិ៖ បន្ទាប់ពីទាហានថៃមួយចំនួន ដែលបានត្រឡប់មកពីសមយុទ្ធយោធានៅក្រៅប្រទេសវិញ ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ-១៩ជាបន្តបន្ទាប់នោះ ។ ពេលនេះរដ្ឋាភិបាលថៃ បានសម្រេចផ្អាកគ្រប់គម្រោងបញ្ជូនទាហានខ្លួនទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសទាំងអស់ ។
បើតាមឧត្តមសេនីយ៍ Nathaphon Sisawa ដែលជាទីប្រឹក្សាកងទ័ពថៃបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្នុងចំណោមទាហានថៃចំនួន១៥១នាក់ ដែលទើបត្រឡប់មកពីធ្វើសមយុទ្ធយោធានៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះគឺមានទាហានចំនួន ៩នាក់ហើយដែលត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍រូបនេះបន្តថា ការបញ្ជូនទាហានទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសគឺជារឿងល្អណាស់ ព្រោះទាហានអាចរៀនសូត្រនិងទទួលបានបទពិសោធន៍ថ្មីជាច្រើនពីបណ្ដាប្រទេសផ្សេងៗ តែយ៉ាងណាក្តីក្នុងកាលៈទេសៈបែបនេះយើងត្រូវតែបង្ខំចិត្តផ្អាកបញ្ជូនទាហានទៅក្រៅប្រទេសមួយរយៈសិន ដើម្បីរួមចំណែកជាមួយអាជ្ញាធរសុខាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ទាហានថៃដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានៅអាមេរិកទាំងអស់កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពពួកគេ ហើយគេជឿថាក្នុងចំណោមទាហានទាំងនោះនឹងមានឆ្លងជំងឺកូវីដ-១៩បន្ថែមទៀតផងដែរ៕ដោយ៖ស តារា