ខេត្តកណ្តាល៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានប្រគល់ផ្ទះ១ខ្នងសង់អំពីថ្ម ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់លោកតា អ៉ីម អឿន អាយុ ៦២ឆ្នាំ និងភរិយា មានសមាជិកគ្រួសារតែ២នាក់ប្តី ប្រពន្ធ មានទីលំនៅក្នុងភូមិចុងកោះ ឃុំស្វាយប្រទាល ស្រុកស្អាង ហើយបច្ចុប្បន្ននេះលោកតា និងភរិយាកំពុងតែមានជីវភាពខ្វះខាតយ៉ាងខ្លាំង។
លោក ទៀង សុគន្ធ ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកតា អ៉ីម អឿន និងភរិយាដោយក្តីអាណិតអាសូរ និងក្តីនឹករឭកជាពន់ពេក។
លោកបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោលគឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ។
លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការលើកទឹកចិត្តដល់លោកតា ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ហើយរដូវនេះជារដូវវស្សា សូមប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ត្រូវចេះថែរក្សាសុខភាព ត្រូវសម្អាត ថែរក្សាផ្ទះថ្មីនេះឲ្យបានប្រសើរ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។
បន្ថែមពីនេះគ្រួសារលោកតាក៏បានទទួលអំណោយមនុស្សធម៌នូវថវិកាចំនួន២០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកសុទ្ធ១កេស អាល់កុល១ដប និងម៉ាស់១០បន្ទះ។
សូមជម្រាបថា ក្នុងឱកាសនោះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានបន្តនាំយកអំណោយមនុស្សធម៌ រួមមាន ថវិកា១២ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកសុទ្ធ១កេស អាល់កុល១ដប និងម៉ាស់១០បន្ទះទៅជូនគ្រួសារ លោកស្រី សំឡែ ហ៊ាង មានទីលំនៅក្នុងឃុំកោះខែល ស្រុកស្អាង មានសមាជិក៥នាក់ជាគួ្រសារក្រីក្រ ហើយមានម្តាយកំពុងតែមានជំងឺផងដែរ៕ដោយ៖ ឆ ដា