បរទេស៖មានករណីផ្ទុះយ៉ាងខ្លាំង នៅក្នុងភោជនីយដ្ឋាននៅទីក្រុង Koriyama ក្នុងខេត្ត Fukushima ប្រទេសជប៉ុន នាព្រឹកថ្ងៃទី ៣០ ខែកក្កដានេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១៧នាក់រងរបួស។
សារព័ត៌មាន NHK របស់ជប៉ុនបានផ្សាយថា កម្លាំងបំផ្លាញដោយសារផ្ទុះបានធ្វើឲ្យភោជនីដ្ឋានទាំងមូលខូចខាតទាំងស្រុង និងធ្វើឲ្យខូចខាតអគារជុំវិញទៀតផង។ បុគ្គលិកធ្វើការនៅធនាគារToho ក្បែរនោះ បាននិយាយថា មានបុគ្គលិកពីរនាក់ និងអតិថិជនរបស់ធនាគារនេះរងរបួស ដោយសារតែបំណែកខ្ទាតចំ។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីមូលហេតុបណ្តាលឲ្យផ្ទុះនោះឡើយ។ប៉ុន្តែមន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ការបែកធ្លាយហ្គាសគឺជាមូលហេតុបណ្តាលឲ្យផ្ទុះ។
តាមរូបភាពវីដេអូ ដែលបណ្តាញព័ត៌មាន NHK បានផ្សព្វផ្សាយ បង្ហាញឲ្យឃើញថា ភោជនីយដ្ឋានរងការផ្ទុះនោះខ្ទេចទាំងអស់នៅសល់តែគ្រោងដែកប៉ុណ្ណោះ ៕ដោយ៖ធី រីណា