កីឡាអន្តរជាតិ៖ ស្ថាប័នអត្តពលកម្មពិភពលោកកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតជ្រើសរើសក្រុមអ្នករត់ប្រណាំងពិភពលោកដែលត្រូវបានផ្លាស់ប្តូរទៅប្រកួតនៅខែមេសា ឆ្នាំ២០២២ ។
ការប្រកួតកីឡារត់ប្រណាំងជាក្រុមពិភពលោកគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២០ នៅទីក្រុងមីន ប្រទេសបេឡារុស្ស ប៉ុន្តែត្រូវបានពន្យារពេលដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យកាលបរិច្ឆេទថ្មីត្រូវបានកំណត់ម្តងទៀតដែលត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ ។
ស្ថាប័នកីឡាអត្តពលកម្មពិភពលោកក៏បានប្រកាសកាលបរិច្ឆេទថ្មីសម្រាប់ព្រឹត្តិការណ៍ប្រកួតអត្តពលកម្មពិភពលោក U20 ជើងឯកNairobi ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៧-២២ ខែសីហា ឆ្នាំក្រោយ ពោលគឺ១សប្តាហ៍បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន។
ការប្រកួតកីឡារត់ចម្ងាយពាក់កណ្តាលម៉ារ៉ាតុងពិភពលោកឆ្នាំ២០២២ នៅទីក្រុងYangzhou ប្រទេសចិនក៏មានការផ្លាស់ប្តូរកាលបរិច្ឆេទដែរដោយបានកំណត់ការប្រកួតរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី២០ ខែមីនាដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២៕
ដោយ៖ភារៈ