ព័ត៌មានទាន់ហេតុការណ៍៖

លោក ជាវ តាយ អញ្ជើញពិនិត្យស្ថានភាពស្ពានដំរីផុង និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ

ចែករំលែក៖

ខេត្តកំពត៖ នៅរសៀល ថ្ងៃសុក្រ ១១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពស្ពានដំរីផុង ដែលមានសភាពចាស់ទ្រុឌទ្រោម និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ។

លោក ជាវ តាយ បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកនាឱកាសនេះ ។

ក្រោយពីបានអញ្ជើញពិនិត្យស្ថានភាពជាក់ស្ដែង ស្ពានដំរីផុង ដែលមានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើរ នឹងមានហានិភ័យខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ។ ដើម្បីឆ្លើយតបនិងដោះស្រាយបញ្ហាលំបាកនេះ លោក ជាវ តាយ ផ្ដល់ស្ពានឈើថ្មី ប្រវែង ៤១ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ជាអំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋ នឹងត្រូវចាប់ផ្ដើមសាងសង់នាពេលឆាប់ៗក្នុងឆ្នាំ ២០២០ នេះ ។ ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត នឹងស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ស្ពានដំរីផុងនេះទៅជាស្ពានបេតុង ជំនួសស្ពានឈើ ។

សូមបញ្ជាក់ថា ស្ពានដំរីផុងបានសាងសង់តាំងពីសម័យសង្គមរាស្រ្តនិយម និងបានជួសជុលប្រើប្រាស់ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០២០ ស្ពាននេះចាស់ទ្រុឌទ្រោមខ្លាំង ស្ទើរតែមិនអាចធ្វើដំណើរឆ្លងកាត់បាន ។

ក្នុងឱកាសនោះដែរ តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ក៏បានសំដែងការអរគុណដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលតែងតែយកចិត្តទុកដាក់ពីទុក្ខលំបាក ខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ទូទាំងប្រទេស ដើម្បីជួយលើកកម្ពស់ជីវភាពនឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

នៅចុងបញ្ចប់ លោកអភិបាលខេត្ត បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៣អង្គ ក្នុង១អង្គថវិកា ៥ម៉ឺនរៀល និងជូនបងប្អូនប្រជាពលរដ្ឋក្នុងមួយនាក់ ១ម៉ឺនរៀល សរុបចំនួន ២.៣៧០.០០០រៀល ៕

ដោយ៖សិលា


ចែករំលែក៖