ភ្នំពេញ៖ តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការធ្វើកំណែទម្រង់មុខងារអភិរក្ស និងមុខងារអភិវឌ្ឍន៍ ជាលទ្ធផលរាជរដ្ឋាភិបាលបានពង្រីកតំបន់ ការពារធម្មជាតិរហូតមកទល់ពេលនេះមានចំនួន៦៦ មានផ្ទៃដីសរុបទំហំ ៧,២ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដី ទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ លោក សៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ជំរុញផលិតកម្មអាហារនៅមូលដ្ឋានដើម្បីទាក់ទាញទេសចរ» នៅព្រឹកថ្ងៃ សុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។ លោកបានបន្តថា ៖ នេះគឺជាវេទិកា លើក ទី ១០ ក្រោមប្រធាន បទ៖ « ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ» ក្នុងគោលបំណង (១)ពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងធនធានធម្មជាតិ បញ្ហា ប្រឈម និងតម្រូវការនានា ការ គ្រប់គ្រង និង ប្រើប្រាស់ធនធានធម្មជាតិ ដោយ និរន្តរភាព ពិសេសគឺបញ្ហាគ្រប់គ្រងដីរដ្ឋក្នុងដែន សមត្ថកិច្ច របស់ ក្រសួងបរិស្ថាន (២)ចែករំលែកបទ ពិសោធន៍ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ក្នុងការផ្តល់សេវាកម្ម ទេសចរណ៍ ក្នុងកាលទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ (៣)ពង្រីកសក្តានុពល និង ការរៀបចំ ផលិតផលទេសចរណ៍នៅតាមសហគមន៍ពិសេសការលើកកម្ពស់ការរៀបចំម្ហូបអាហារនៅមូលដ្ឋានឱ្យមានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារ (៤)បង្កើនភាពជាម្ចាស់របស់សហគមន៍មូលដ្ឋាន និង អ្នកពាក់ព័ន្ធនានានៅថ្នាក់ក្រោមជាតិ ក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិ និងការទទួល ខុសត្រូវ និង(៥)ពង្រឹងកិច្ចសហការរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការការពារធនធានធម្មជាតិ។
លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុបុ្បន្ន ខេត្តសៀមរាបពិតជាមានមោទនភាព ដែលមានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣,៦៨៨ហិកតា ដែលក្នុងនោះរួមមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» (៣៧,៣៧៣ហិកតា) តំបន់ការពារទេសភាពអង្គរ (១០,៨០០ហិកតា) តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប (៤,៨៧១ ហិកតា) ដែនជម្រកសត្វព្រៃបឹងពែរ (៣៧,៤៦៩ហិកតា) ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (៤២,៩០៣ហិកតា) ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក (១៧,៥៦៩ហិកតា) តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប (៧៧,៧០៣ហិកតា) និងតំបន់ស្នូលបឹងទន្លេឆ្មារ (តំបន់រ៉ាមសារ ៥០,០០ហិកតា) ដែលទាំងនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីសក្តានុពលធនធានធម្មជាតិ ដ៏សម្បូរបែបរបស់ខេត្តសៀមរាប។ ដោយឡែក ខេត្តសៀមរាបមានសហគមន៍តំបន់ការពារធម្មជាតិសរុបទាំងអស់ចំនួន ១០សហគមន៍ សហគមន៍ព្រៃឈើចំនួន ៥៣សហគមន៍ និងសហគមន៍នេសាទ ២៣សហគមន៍ ស្ថិតនៅក្នុង និងនៅក្បែរតំបន់ការពារធម្មជាតិទាំង៨ ដែលសហគមន៍ទាំងអស់នេះបាន នឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍ទាំងវប្បធម៌ និងធម្មជាតិ។
គួរបញ្ជាក់ថា នៅក្នុងវេទិកានេះ ក៏មានការធ្វើបទបង្ហាញចំនួន២ គឺ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប២០២០-២០៣៥ ដោយឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍ និងការចែករំលែកបទពិសោធន៍រៀបចំព្រឹត្តការណ៍ និងកញ្ចប់សេវាកម្មទេសចរណ៍ធម្មជាតិ ដោយក្រុមហ៊ុន Cambodia Amazing Trip Planner ផងដែរ៕
ដោយ៖សិលា