ភ្នំពេញ៖ រថយន្តឡិចស៊ីសបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកាមរីបាឡែនដែលឈប់ពីមុខរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១២នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
ស្ថិតនៅលើស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងបានខូចនៅលើស្ពានត្រង់ចំណុចខាងលើ។ បន្ទាប់មកក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2E-3355បើកបរដោយស្ត្រីម្នាក់ក៏បានមកឈប់រថយន្តនៅពីក្រោយរថយន្តនោះដែរ។លុះបន្តិចក្រោយមករថយន្តដែលខូចនៅខាងមុខនោះក៏បើកចេញទៅ ភ្លាមៗនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AY-3633 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាបានជ្រុលមកបុករថយន្តកាម៉ារីបាឡែនពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែម្តង ប៉ុន្តែសំណាងដែរដែលមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុដោយភាគីខាងរថយន្តឡិចស៊ីសព្រមចេញថ្លៃជួសជុលទៅឲ្យភាគីរថយន្តបាឡែនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ ដោយ៖ ចន្ទ លីហ្សា