ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តរេចង្កូតទៅបុករថយន្តស្ទូចបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តរ៉េង រ៉ូវើរមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុករថយន្តស្ទូចពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តស្ទូចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-9000 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរម្នាក់ទៀតជាព្រូ ដែលបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាករ៉េង រ៉ូវើរ ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AN-3996បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនស្រាប់តែរេចង្កូតជ្រុលទៅបុករថយន្តស្ទូចចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យរថយន្តរ៉េង រ៉ូវើររងការខូចខាតដាច់កង់ខាងមុខផ្នែកខាងឆ្វេង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខចុះមកដល់ទីតាំងកើតហេតុ ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយពេលមានការសម្របសម្រួលគ្នាម្ចាស់រថយន្តទាំងសងខាងសុំយករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖ និន សុភ័ស្ត


ចែករំលែក៖