ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឆែកឆេរហាងម៉ាស្សាឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំ និងបញ្ជាផ្ទាល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលបន្ទាយដី ចុះឆែកឆេរហាងម៉ាស្សា១កន្លែង ហើយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ព្រមទាំងដកហូតនូវឧបករណ៍ប្រើប្រាស់សារធាតុញៀន និងសម្ភារៈផ្សេងៗដែលគេសង្ស័យជាប់ពាក់ព័ន្ធក្នុងបុព្វហេតុបទល្មើសផងដែរ ។

 ប្រតិបត្តិការខាងលើធ្វើឡើងកណ្ដាលថ្ងៃត្រង់ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចហាងម៉ាស្សា១កន្លែងម្ដុំស្ពានឈើចាស់ ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងពោធិ៍សាត់ប្រាប់ថា ករណីឆែកឆេរនៅចំណុចខាងលើនេះសមត្ថកិច្ចដកហូត និងឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ក្នុងនោះមានស្រីចំនួន ៥នាក់ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៤កញ្ចប់តូច ឧបករណ៍ដែលសង្ស័យបម្រើក្នុងបុព្វហេតុសារធាតុញៀន១កំប្លេ ទូរស័ព្ទដៃចំនួន ៣គ្រឿង ស្លាកលេខម៉ូតូចំនួន ១សន្លឹក ម៉ូតូចំនួន ៣គ្រឿង កាំភ្លើងកែច្នៃ(ខ្យល់)ចំនួន ២ដើម និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

 ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យទាំង ១២នាក់ខាងលើ រួមទាំងវត្ថុតាង និងសម្ភារៈទាំងអស់ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖