ខេត្តសឹ្ទងត្រែង៖ប្រជាពលរដ្ឋមួយគ្រួសារ ដែលប្រកបមុខរបរចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ ដែលមានអាងចិញ្ចឹមនៅតាមមាត់ទន្លេមេគង្គ ងាយស្រួលដល់ការផ្លាស់ប្ដូរទឹក និងលាងសម្អាតអាងផងនោះ ដែលស្ថិតនៅក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តសឹ្ទងត្រែង។
ក្នុងរដូវបិទនេសាទនេះ គេឃើញត្រីអណ្តែងចិញ្ចឹមកំពុងមានហាងឆេងល្អគួរសម ខុសពីរដូវបើកនេសាទ លក់ក្នុងតំលៃមួយគីឡូក្រាម លក់ចេញបានពី៨ពាន់រៀល ទៅ៩ពាន់រៀល ដោយមានអថិតិជននិងម៉ូយមកទទួលទិញដល់កន្លែងចិញ្ចឹមតែម្តង ដោយយកទៅលក់បន្តនៅក្នុងទីផ្សារខេត្តស្ទឹងត្រែងយើង ក្នុងតំលៃ១គីឡូ១មុឺនរៀល ទៅ១មុឺន២ពាន់រៀល។
លោកពូ ឯកដុំ ជាម្ចាស់ចិញ្ចឹមត្រីអណ្តែង បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារអ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ការចិញ្ចឹមត្រីអណ្តែងនេះវាមានលក្ខណៈងាយស្រួល មិនលំបាកដល់ការថែទាំឬចំណីនោះទេ ព្រោះយើងទិញចំណីស្រាប់នៅទីផ្សារ ហើយឧស្សាហ៍ដូរទឹកមិនឲ្យទឹកខាប់ទាន់ឡើយ ទើបត្រីមិនចេះងាប់ ហើយយើងចិញ្ចឹមដាក់ចំណី១ថ្ងៃ២ពេល គឺព្រឹកនិងល្ងាច ហើយមានរយៈពេល៣ខែ យើងអាចប្រមូលផលបាន ចំណែកបច្ចេកទេសនៃការចិញ្ចឹមត្រីនេះ មានបទពិសោធន៍ដោយខ្លួនឯងធ្វើទៅតាមការយល់ដឹង គឺមិនបានទៅរៀនពីខាងណានោះទេ។ តែខាងមន្ត្រីកសិកម្ម មកលេងបានណែនាំខ្លះៗដែរតែមិនបានបើកវគ្គ បណ្តុះបណ្តាលបំពេញបន្ថែមឬផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមឡើយ។
លោកពូបន្តថា គាត់ប្រកបមុខរបរចិញ្ចឹមត្រីនេះ១៥ឆ្នាំហើយ ហើយចំពោះពូជកូនត្រីអណ្តែងគាត់ទិញមកពីប្រទេសឡាវ, ក្នុងមួយក្បាលតម្លៃ២៥០រៀល, នេះគិតទាំងថ្លៃឈ្នួលឡានផង ហើយការទិញកូនត្រីអណ្តែងយកមកចិញ្ចឹមនេះ ជួនកាលឡាវគេយកមកឲ្យដល់ផ្ទះ ជួនកាលទៅយកដោយខ្លួនឯង ទិញម្តង៥-៦មុឺនកូន ដាក់ក្នុងមួយអាង១៥០០កូន ហើយអាងនីមួយៗ មានទំហំ៣ម៉ែត្រគុណឲ្យ៣ម៉ែត្រ ៣ខែបានលក់ ត្រីមានទម្ងន់២-៣ខាំក្នុង១ក្បាល ហើយតំលៃវាក្នុងរដូវបើកនេសាទលក់បានតែ១គីឡូ៦-៧ពាន់រៀលតែប៉ុណ្ណោះ ដល់រដូវបិទនេសាទ ទើបបានថ្លៃជាងបន្តិចធ្វើឲ្យជីវភាពគ្រួសារលោកពូធូធារច្រើន លោកពូថាបើមានការភ្ញាស់កូនត្រីលក់ក្នុងខេត្តយើងល្អណាស់ និងមិនលំបាកទៅទិញនៅប្រទេសឡាវឡើយ ឬក៏ខាងមន្ទីរកសិកម្មខេត្ត និងជំនាញជលផលបានមកបង្ហាត់បង្ហាញបន្ថែម និងមានពូជកូនត្រីលក់ឲ្យ កាន់តែប្រសើរថែមទៀត៕ដោយ៖មាស សុផាត