ភ្នំពេញ ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២សីហា រកឃើញមធ្យោបាយល្មើសចំនួន ៥៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។ នេះបើយោងតាម របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៥៤២គ្រឿង ក្នុងនោះមានម៉ូតូចំនួន៣៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានបញ្ជាក់ថា៖ ដោយឡែកក្នុងរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងទី២ ខែសីហា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១,៣៥៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២ថ្ងៃ នៃខែសីហានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
ដោយ៖ សហការី