ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់កាលពីថ្មីៗនេះថា៖ «យើងបានស្នើសុំប្រជាពលរដ្ឋឲ្យមានគំនិតបែបបដិសណ្ឋារកិច្ច បានន័យថា រួសរាយរាក់ទាក់ និងមានភាពស្មោះត្រង់នៃការផ្ដល់សេវាកម្មរបស់គាត់ ក៏ដូចជាការធានាបាននូវអនាម័យដែលបង្ហាញពីអត្តចរិតរបស់អ្នកភូមិទេសចរណ៍»។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា រាល់តំបន់ទេសចរណ៍នីមួយៗរដ្ឋបាលស្រុកបានរៀបចំឲ្យមានបន្ទប់ទឹក ការគ្រប់គ្រងសំរាម និងចំណត់ថយន្តឲ្យបានគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរ។ ចំពោះសេវាកម្មផ្ទះសំណាក់ ឬសណ្ឋាគារវិញ ស្រុកបន្ទាយស្រីពុំសូវមានច្រើននៅឡើយទេ។ជំនួសមកវិញ ស្រុកបន្ទាយស្រី មានសេវាផ្ទះស្នាក់ (Home Stay) របស់ប្រជាពលរដ្ឋ ដែលអាចឲ្យភ្ញៀវសម្រាកបានផងដែរ។
លោកអភិបាលរូបនេះ បានសង្កត់ធ្ងន់ថា «បើទោះបីជាមានបញ្ហាកូវីដ-១៩ក្ដី ខ្ញុំសង្ឃឹមថា ស្រុកបន្ទាយស្រី នឹងមានភ្ញៀវទេសចរយ៉ាងហោចណាស់ ៤ទៅ ៥ម៉ឺននាក់មកកម្សាន្ត»។ លោកបន្ថែមថា រូបលោកបានជួបប្រជុំជាមួយតំណាងសហគមន៍ទេសចរណ៍ទាំងអស់ដើម្បីពង្រឹងការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជារបស់ក្រសួងសុខាភិបាល ដើម្បីធានាពីបញ្ហាកើតឡើងជាយថាហេតុណាមួយ។ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងថ្ងៃឈប់សម្រាកនាខែសីហាខាងមុខ រមណីយដ្ឋាន និងកន្លែងកម្សាន្តមួយចំនួននឹងបើកឲ្យដំណើការឡើងវិញ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា ស្រុកបន្ទាយស្រីនឹងមិនមានការរៀបចំព្រឹត្តិការណ៍អ្វីធំទេ។ ប៉ុន្តែភូមិព្រះដាក ដែលជាភូមិគំរូនឹងមានការតុបតែងលម្អតាមដងផ្លូវ និងការលក់ដូរ ម្ហូមអាហារ និង សម្ភារៈសិប្បកម្មរបស់អ្នកស្រុកជាដើម។ នៅភូមិព្រះដាក គឺជាភូមិគំរូរបស់ស្រុកបន្ទាយស្រី គឺគេតែល្បីរឿងនំបញ្ចុកស្រាប់។
លោក ហ្វីណង់ បញ្ជាក់ដូច្នេះថា៖«ខ្ញុំបានជួបជាមួយអ្នកភូមិទាំងមូលតែម្ដង។អ៊ីចឹង កំណាត់ផ្លូវនៅក្នុងភូមិដែលយើងគិតថាជាភូមិគំរូនេះ យើងនឹងជំរុញឲ្យប្រជាជននៅក្នុងភូមិ ចេញមកលក់ដូរនៅតាមកំណាត់ផ្លូវនេះតែម្ដង។ ដោយផ្ទះនីមួយៗ គាត់លក់តាមលទ្ធភាពរបស់គាត់ អ្នកខ្លះគាត់លក់នំបញ្ចុកអ្នកខ្លះគេលក់មាន់អាំង កង្កែបបោក ហើយមានរបស់ជាកសិផល និងសិប្បកម្មមួយចំនួនរបស់គាត់ថែមទៀត»។
សូមជម្រាបថា ស្រុកបន្ទាយស្រី ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបដែលសម្បូរទៅដោយសក្ដានុពលទេសចរណ៍ ទាំងទេសចរណ៍ប្រវត្តិសាស្ត្រនិងទេសចរណ៍ជនបទដូចជា៖ ភូមិព្រះដាក រមណីយដ្ឋានបឹងឈូក និងផ្ទះស្នាក់បៃតងនៅបឹងដូនរីកជាដើម៕ដោយ៖ស តារា