ភ្នំពេញ៖ នារីម្នាក់បានព្យាយាមយកក្រមាចង.កសម្លាប់ខ្លួនក្នុងបន្ទប់តែមិនបានសម្រេចត្រូវបានបងប្អូនជួយសង្គ្រោះទាន់ ពេលវេលា បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខB5 ផ្លូវបេតុង ក្នុងភូមិទួលកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឈឿន សុផៃ អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត នៅភូមិតាយ៉ា ឃុំសង្គ្រាម ស្រុកស្ទោង ខេត្តកំពង់ធំ មានប្តីឈ្មោះ ឆូយ វី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្តីប្រពន្ធខាងលើទើបតែរៀបការបាន១៥ថ្ងៃនេះទេ និងស្នាក់នៅចំណុចបន្ទប់ជួលកើតហេតុខាងលើ ។
បើតាមស្ត្រីឈ្មោះ រស់ វណ្ណ អាយុ៦២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដែលត្រូវជាម្តាយក្មេករបស់ស្ត្រីរូបនេះបានឲ្យដឹងថា គាត់ទើបតែមកលេងកូនៗទេ ហើយមុនកើតហេតុខណៈដែលគាត់កំពុងនៅបន្ទប់របស់កូនស្រីម្នាក់ទៀត ជួលស្នាក់នៅក្បែរនេះដែរ រីឯកូនប្រុសរបស់គាត់ត្រូវជាប្តីរបស់ជនរងគ្រោះក៏មិននៅដែរ គឺចេញទៅធ្វើការងារបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើគាត់ឃើញបន្ទប់របស់កូនប្រសាគាត់បិទទ្វារដាក់គន្លឹះជិត ពេលនោះក៏មានបងថ្លៃស្រី ដើរទៅហៅក្នុងបំណងរកបាយកក តែមិនឮសូរឆ្លើយ មិនអស់ចិត្តក៏ឈ្ងោកមើលតាមប្រហោងទ្វារស្រាប់តែឃើញជនរងគ្រោះយកក្រមាពណ៌ក្រហមមកចងកភ្ជាប់នឹងដែកមួយដើមដាក់គងក្នងបន្ទប់ ដៃជើងនៅទធាក់ខ្វៃៗ ទើបស្រែកឆោឡោផ្អើលដល់សាច់ញាតិ អ្នកជិតខាងនាំគ្នាគាស់ទ្វារ បើកគន្លឹះចូលស្រាយទម្លាក់ចុះភ្លាមៗទើបរួចផុតពីសេចក្តីស្លាប់។
តែបើតាមប្រភពពីសាច់ញាតិផ្សេងទៀត បានឲ្យដឹងថា កាលពីម្សិលមុិញ ស្ត្រីរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្តី ធ្វើឱ្យនាងអាក់អន់ចិត្ត ហើយពួកគាត់មិននឹកស្មានថានៅវេលាម៉ោងខាងលើបែរជានាងប៉ុនប៉ងបញ្ចប់ជីវិតបែបនេះទៅវិញ សំណាងហើយដែលបងប្អូនឃើញជួយទាន់ពេល ។
តាមសម្តីរបស់សាមីខ្លួនផ្ទាល់បានឲ្យដឹងថា គាត់ក៏មិនបានដឹងខ្លួនថាប្រព្រឹត្តបែបគ្រោះថ្នាក់នេះដែរ ពោលនិយាយបែបជំនឿអរូបីទៅវិញ ។ដោយមុននឹងមកដាក់ពាក្យធ្វេីការក៏បានបែបន់សុំឲ្យលោកតាជួយ បេីបានសម្រេចនឹងថ្វាយមាន់ស្ងោរលុះបានធ្វើការហេីយមិនទាន់រៀបចំថ្វាយផងក៏អ្នកតាចូលនិងធ្វេីរឿងបែបនេះតែម្តង។
ទោះជាយ៉ាងណាក្តី ស្ត្រីវ័យក្មេងក្រោយពីរួចផុតពីសេចក្តីស្លាប់ សមត្ថកិច្ច អាជ្ញាធរក៏បានចុះទៅពិនិត្យសាកសួរជាក់ស្តែង ករណីមួយនេះ ហើយសំណាងណាស់ដែលមានអ្នកដឹងជួយទាន់ពេល៕
ដោយ៖ សុខាសែនជ័យ