នូវេលសេឡង់៖នៅថ្ងៃទី៣ខែសីហា រដ្ឋាភិបាលនូវេលសេឡង់ ដឹកនាំដោយលោកស្រី Jacinda Ardern បានលើកឡើងថា គម្រោងបើកព្រំដែន អាចធ្វើដំណើរចុះឡើងរវាង អូស្ត្រាលី និងនូវេលសេឡង់ត្រូវបានផ្អាកវិញ ក្រោយពេលកូវីដ-១៩ ឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ពិសេសគឺនៅក្នុងទីក្រុងម៉ែលបឺន រដ្ឋវិចទ័ររៀ។
តាមសារព័ត៌មាន TTXVN បានផ្សាយថា នាយករដ្ឋមន្ត្រីនូវេលសេឡង់បានលើកឡើងថា គម្រោង បើកព្រំដែននឹងអនុវត្តបានលុះត្រា អូស្ត្រាលី មិនមានករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល២៨ថ្ងៃជាប់គ្នាក្នុងសហគមន៍។ កន្លងមករដ្ឋាភិបាលនូវេលសេឡង់បានលើកឡើងពីគម្រោង អនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំងពីរ ធ្វើដំណើរ ចុះឡើង ។
នូវេលសេឡង់មានរយៈពេល ជាង ៩០ថ្ងៃហើយ ដែលមិនមានករណីឆ្លងកូវីដ-១៩នៅ ក្នុងសហគមន៍ ។ សរុបអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនូវេលសេឡង់មាន១២០០នាក់ ហើយពេលនេះនៅសល់តែ២៧នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រៅពីនេះបានជាសះស្បើយត្រឡប់ទៅផ្ទះវិញហើយ។ អ្នកជំងឺកូវីដ-១៩ទាំង២៧នាក់ គឺមកពីក្រៅប្រទេសទាំងអស់មិនមែនឆ្លងនៅក្នុងសហគមន៍ឡើង។
ពាក់ព័ន្ធអូស្ត្រាលី អភិបាលរដ្ឋវិចទ័ររៀ ប្រទេសអូស្ត្រាលីលោក Daniel Andrews នៅថ្ងៃទី០២ ខែសីហា បានប្រកាសពី “ស្ថានភាពគ្រោះមហន្តរាយ” នៅក្នុងរដ្ឋនេះ។ ហើយបញ្ជូនគ្រូពេទ្យជាច្រើនទៅជួយទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងរដ្ឋនេះឲ្យមានប្រសិទ្ធភាពបំផុត៕ដោយ៖ធី រីណា