ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនត្រៀមលក្ខណៈរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ៧៥ឆ្នាំថ្ងៃអាមេរិក​ទម្លាក់គ្រាប់បែកបរមាណូ​​

ចែករំលែក៖

ជប៉ុន៖ ពិធីគោរពវិញ្ញាណក្ខន្ធ​ ខួប​៧៥ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ ទៅលើទីក្រុងហុីរ៉ូស៊ីម៉ា និង ណាហ្គាសាគីដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី​៦ និងទី៩ ខែសីហា ប៉ុន្តែការធ្វើឡើងជាទ្រង់ទ្រាយតូច ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។
នៅថ្ងៃទី៣ ខែសីហា នាយករដ្ឋមន្ត្រីជប៉ុន លោក សុីនហ្សូ អាបេ(Shinzo Abe) បានប្រកាសថា នឹងចូលរួម​ពិធីគោរពវិញ្ញាណក្ខន្ធ នៅហុីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងឱកាសខួប៧៥ឆ្នាំថ្ងៃអាមេរិកទមា្លក់គ្រាប់បែកបរមាណូ​ទៅលើទីក្រុងទាំងពីរ មុនពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី មុនពេលប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ នាយករដ្ឋមន្ត្រី អាបេ​បានបញ្ជាក់ថា «​ខ្ញុំនឹងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងគោរពវិញ្ញណក្ខន្ធ​ដល់អ្នកដែលស្លាប់​ដោយសារតែគ្រាប់បែកបរមាណូ កាលពី​៧៥ឆ្នាំមុន​។​ យើងនឹងមិនអនុញ្ញាតឲ្យមានសោកនាដកម្មបែបនេះកើតឡើងទៀតឡើយ»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី ជប៉ុនបានសន្យារក្សាគោលជំហរ៣ គឺជប៉ុនមិនផលិតអាវុធបរមាណូ មិនរក្សាទុកគ្រាប់បែកបរមាណូ និងមិនអនុញ្ញាតឲ្យមានវត្តមានគ្រាប់បែកបរមាណូ​នៅជប៉ុនឡើយ​។
ចំពោះពលរដ្ឋជប៉ុនជាពេលវេលាឈឺចាប់បំផុតមិនអាចបំភ្លេចបាន។ សូមបញ្ជាក់ផងដែរថា នៅក្នុងសង្គ្រាមលោកលើកទីពីរ​ទាហានអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូ ប្រភេទ urani ដែលមានឈ្មោះថា”Little Boy”ទៅលើទីក្រុងហីុរ៉ូស៊ីម៉ា នៅវេលាម៉ោង​៨ និង​១៥នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ។ កម្លាំងបំផ្លាញនៃគ្រាប់បែកបរមាណូ​ខាងលើបានសម្លាប់ពលរដ្ឋ​ជប៉ុនប្រមាណ​១៤០ពាន់នាក់​។
៣ថ្ងៃក្រោយមកនៅថ្ងៃទី ៩ខែសីហាឆ្នាំ ១៩៤៥ អាមេរិកក៏បានទម្លាក់គ្រាប់បែកមួយគ្រាប់ទៀត​នៅទីក្រុង​ណាហ្គាសាគី​សម្លាប់មនុស្សប្រមាណ​៧ម៉ឺននាក់​។ ជាមួយគ្នានោះអាមេរិកក៏បានព្រមានទម្លាក់គ្រាប់បែកជាបន្តទៀតបើជប៉ុនមិនព្រមចុះចាញ់ក្នុងសង្គ្រាមលោកលើកទីពីរ៕ដោយ៖ធី រីណា


ចែករំលែក៖