ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ លើមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន០៣នាក់ថ្មីទៀត ត្រូវបានព្យាបាលជាសះស្បើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី គឺបុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសា ប្រភេទ A មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានបញ្ជាក់លម្អិតថា៖ បុរសរូបនេះបានធ្វើ ដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដែលលទ្ធផលវិភាគវត្ថុ សំណាកលើកទី៣ នាថ្ងៃទី១៥នៃការធ្វើចត្តាឡីស័ករបស់គាត់ រាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ អ្នកជំងឺត្រូវបានដាក់នៅក្នុងបន្ទប់មួយ ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយ ក្រុមគ្រូពេទ្យអាមេរិកាំងនៃស្ថានទូតនេះ។
ដោយឡែក សម្រាប់ករណីជាសះស្បើយ០៣នាក់វិញមានបុរសជនជាតិខ្មែរ០២នាក់ និងបុរសជនជាតិអាមេរិកកាំងជាមន្ត្រីទូតអាមេរិកម្នាក់ ក្នុងនោះរួមមាន៖
ទី១៖ បុរសអាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី ២៖ បុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
ទី៣៖ បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅ ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បុរសរូបនេះបាន ធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ដែលគ្រប់គ្រង និងរាយ ការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
ដោយ៖សិលា