ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះរបស់អង្គការសហប្រជាជាតិចុះចតខុសផ្លូវរបួស១១នាក់

ចែករំលែក៖

អន្តរជាតិ៖ អង្គការសហប្រជាជាតិកាលពីថ្ងៃ ទី៣ ខែសីហា បានប្រអកាសថា យន្តហោះមួយគ្រឿងរបស់អង្គការនេះបានចុះចតខុសផ្លូវនៅអាកាសយានដ្ឋានទីក្រុង Gao ភាគខាងជើងប្រទេសម៉ាលី បណ្តាលឲ្យមនុស្ស១១នាក់រងរបួស ក្នុងនោះមានម្នាក់រងរបួសធ្ងន់។

នៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា នៅលើយន្តហោះដែលជួបគ្រោះថ្នាក់នោះ មានមន្ត្រីអង្គការសហប្រជាជាតិ៤រូប និងក្រុម អាកាសយានិក៧នាក់។ យន្តហោះខាងលើហោះហើរចេញពីទីក្រុង Bamako នាព្រឹកថ្ងៃទី៣ ខែសីហា ។ អង្គការសហប្រជាជាតិបានស្នើឲ្យបើកការស្រាវជ្រាវឲ្យបានឆាប់បំផុតពីករណីគ្រោះថ្នាក់ខាងលើ។

តាមសាក្សីមួយចំនួនបានឲ្យដឹងថា យន្តហោះត្រូវចុះចតជាបន្ទាន់ ហើយរអិលចេញពីផ្លូវបណ្តាលឲ្យ ក្បាលយន្តហោះខូចខាតយ៉ាងខ្លាំង។ អង្គការសហប្រជាជាតិបានដាក់ពង្រាយកម្លាំងរក្សាសន្តិភាពនៅម៉ាលី (MINUSMA) តាំងពី ខែកក្កដា ឆ្នាំ២០១៣ មកទល់ពេលនេះ ក្រោយក្រុមឧទ្ទាម ដណ្តើមគ្រប់គ្រងតំបន់ភាគខាងជើង ប្រទេសម៉ាលីតាំងពីឆ្នាំ២០១២ មក។
បច្ចុប្បន្នកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដាក់ពង្រាយនៅប្រទេសម៉ាលីមានដល់ទៅ១៣ពាន់នាក់។ ក្នុងចំណោមកងរក្សាសន្តិភាព ប្រទេសបារាំងបានបញ្ជូនកម្លាំងច្រើនជាងគេ គឺមានដល់ទៅ៥១០០នាក់ ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាម។ បើទោះបីមានទាហានបរទេសច្រើនក្តី តែអំពើហិង្សានៅតែបន្តកើតឡើងនៅភាគកណ្តាលនៃប្រទេសម៉ាលី ។ មិនតែប៉ុណ្ណោះ សង្គ្រាមក៏បានរាលដាល ដល់ប្រទេសជិតខាង ដូចជា Burkina Faso និង Niger បណ្តាលឲ្យមានពលរដ្ឋរាប់ពាន់នាក់ស្លាប់ ៕ដោយ៖ធី រីណា


ចែករំលែក៖