ភ្នំពេញ៖ទីបំផុតរោងភាពយន្តទំនើបនានានៅភ្នំពេញគ្រោងនឹងបើកដាក់ឲ្យដំណើរការចាក់បញ្ចាំងឡើងវិញនៅក្នុងអំឡុងខែសីហានេះ។ ការបញ្ជាក់នេះបន្ទាប់ពីក្រុមការងារចម្រុះ រួមមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីនិងមន្ទីរសុខាភិបាលរាជធានី បានចុះត្រួតពិនិត្យពីវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ–១៩ នៅតាមរោងភាពយន្តមួយចំនួន។
ចាត់ទុកថាជាដំណឹងល្អសម្រាប់ផលិតករ និងអ្នកនិយមទស្សនាភាពយន្តនៅតាមបណ្តា រោងភាពយន្តទំនើបនៅភ្នំពេញ។ ក្រុមការងារចម្រុះ រួមមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី និងមន្ទីរសុខាភិបាលរាជធានី បានចុះត្រួតពិនិត្យពីវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ–១៩ នៅតាមរោងភាពយន្តចំនួន៤ ដូចជា ភាពយន្ត Legend សាខាអេឌិន, Legend សាខាអ៊ិចឆេង, រោងភាពយន្ត Major Cineplex សាខាសុរិយា, Major Cineplex សាខាអ៊ីអន១ ជាដើម។
យោងតាមការបញ្ជាក់របស់ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌លោក ប៉ុក បូរក្ស បានលើកថាបន្ទាប់ពីបានចុះត្រួតពិនិត្យរោងភាពយន្តទាំង៤ នៅក្នុងរាជធានីភ្នំពេញរួចមក ក្រសួងគ្រោងនឹងអនុញ្ញាតឲ្យរោងភាពយន្ត បើកដំណើរការឡើងវិញក្នុងខែសីហានេះ។ លោកបន្តថា៖” ជាគោលការណ៍រាជរដ្ឋាភិបាលបានអនុញ្ញាតហើយ ប៉ុន្តែត្រូវតែគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការការពារបង្ការទប់ស្កាត់កូវីដ–១៩ ។លោកបានបន្តថារោងភាពយន្តផ្សេងទៀត ដែលចង់បើកឡើងវិញ អាចស្នើសុំទៅកាន់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីឲ្យការងារចម្រុះត្រួតពិនិត្យដូចគ្នា មុនបើកវិញបាន។
គួរបញ្ជាក់ដែរថា រោងភាពយន្តទូទាំងប្រទេសកម្ពុជា បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ មកម្ល៉េះ។ ដំណឹងនៃការបើកដំណើរការឡើងវិញនេះបានធ្វើឲ្យផលិតករភាពយន្តបញ្ចេញសារសាទរជាច្រើនស្របពេលដែលផលិតករក្នុងស្រុកបានបង្ហាញពីក្តីកង្វល់នៃការបាត់បង់ប្រាក់ចំណូលពីការចាក់បញ្ចាំងពភាពយន្តរបស់ខ្លួននៅលើរោងភាពយន្ត៕ ដោយ៖ វឌ្ឍនា