ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់អូប័រល្បឿនលឿនទៅរំដោះអ្នកទេសចរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖នៅរសៀលថ្ងៃទី០៤ខែសីហាឆ្នាំ២០២០នេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុប្រើប្រាស់អូប័រល្បឿនលឿននិងមានសុវត្ថិភាព សហការពីវិស័យឯកជន ដឹករំដោះអ្នកទេសចរណ៏ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញ ក្រោយឃើញចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច។ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ

ជួន ណារិន្ទស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក

ឌឹម សំបូរប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមន្ត្រីអង្គភាពពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យនិងទទួលភ្ញៀវទេសចរដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរងចាំជួយសង្គ្រោះផងដែរ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា អ្នកទេសចរច្រើនរយនាក់បានធ្វើដំណើរទៅលេងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀង ខ្យល់និងរលកខ្លាំង និងក្រោយមកបានជាប់គាំងនៅលើកោះមិនអាចត្រឡប់មកវិញបាន ក្រោយតំបន់សមុទ្ររងនូវឥទ្ធិពលព្យុះទី៣ (សុីនឡាគូ)។ ដោយពិនិត្យឃើញថា ថ្ងៃទី៤សីហានេះ ចន្លោះពេលធាតុអាកាសធូរស្រាលបន្តិចក្នុងពេលរសៀលទើប រដ្ឋបាលខេត្តចាត់វិធានការ ជួយដោះស្រាយដឹកយកបងប្អូនអ្នកទេសចរទាំងអស់នោះ មកកាន់ដីគោកក្នុងក្រុងព្រះសីហនុវិញ និងថាដំណើរការនេះប្រកបដោយសុវត្ថិភាព៕ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖