ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងរវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោងជាង២យប់ឈានចូលថ្ងៃទី៤ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១-៩២ ក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

មន្រ្តីប៉ូលិសចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3A.18 79បើកបរក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង រថយន្តនោះបានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1D.47 25បើក(ឆ្លងផ្លូវ)ពេញមួយទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កចុះរត់គេចខ្លួនបាត់

បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ជនរងគ្រោះដែលស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះលឹម វឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យាបាយបង្កត្រូវបានប៉ូលិសអូសយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕ ដោយ៖ចន្ថា


ចែករំលែក៖