ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនបរទេសម្នាក់ កាន់លិខិតឆ្លងដែនអស់សុពលភាពស្នាក់នៅកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប នាវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះបាន ចុះទៅចំណុចផ្ទះសំណាក់ PACKGODA HOSTEL ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប រួចបាននាំខ្លួនជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។

មន្រ្តីនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាជនបរទេសរូបនេះឈ្មោះ MALIN JESPER WILLIAM ភេទប្រុស កើតថ្ងៃទី២៤-០៨-១៩៨០ ជនជាតិហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ FP៣៣៤៤៤៦៧ មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦-១០-២០១៩ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីស្វែងរកការងារធ្វើ។មកដល់ពេលនេះ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី ២៦-០៥-២០២០ មកម្លេះ។ ដោយមូលហេតុមិនបានបន្តសុពលភាពទិដ្ឋាការដោយសារពុំមានថវិកាបង់អាករ ហើយក៏ពុំមានថវិកាសម្រាប់ចំណាយលើការស្នាក់នៅហូបចុកប្រចាំថ្ងៃនិងនៅជំពាក់លុយផ្ទះសំណាក់ចំនួន៤០០$ផងនោះទើបសមត្ថកិច្ចឃាត់ខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចបានចាប់បញ្ជូនជនបរទេសរូបនេះទៅស្នាក់ការប្រចាំខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖ប្រាថ្នា


ចែករំលែក៖