ព័ត៌មានទាន់ហេតុការណ៍៖

បាតុករ​ថៃ ​រិះគន់​ជា​សាធារណៈ​លើ​ស្ថាប័ន​មហាក្សត្រ ព្រោះពួកគេ​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ស្ថាប័ន​មហាក្សត្រ​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​

ចែករំលែក៖

អន្តរជាតិ៖ ព្រោះតែចង់ឲ្យមានការផ្លាស់ប្ដូរស្ថាប័នមហាក្សត្រឲ្យស្របតាមរដ្ឋធម្មនុញ្ញប្រទេសក្រុមបាតុករថៃ បានរិះគន់ជាសាធារណៈលើស្ថាប័នមហាក្សត្រដែលមានឥទ្ធិពលខ្លាំង និងការពារដោយច្បាប់ដ៏តឹងរ៉ឹង ដោយក្នុងការតវ៉ានៅថ្ងៃទី ខែសីហា ក្រុមបាតុករបាននិយាយចំៗថា រាជវាំងប្រមូលអំណាចដែលមិនស្របតាមប្រជាធិបតេយ្យ និងមិនអើពើលើសកម្មភាពរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចាដែលធ្វើទុក្ខបុកម្នេញអ្នកប្រឆាំង

សូមជម្រាបថាបាតុករប្រមាណ២០០នាក់ បានជួបជុំគ្នាជាថ្មីនៅក្បែរវិមានប្រជាធិបតេយ្យក្នុងរាជធានីបាងកក ជាមួយនឹងការស្លៀកពាក់តាមរឿងHarry Porter ក្នុងន័យបង្ហាញថា ពួកគេមកកម្ចាត់ក្រុមមិនល្អ បង្កអយុត្តិធម៌សង្គម ដោយបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ នៅតែបន្តរៀបចំមិនដាច់ក្នុងទ្រង់ទ្រាយតូច សំដៅទាមទារឲ្យបញ្ចប់ការធ្វើបាបអ្នកប្រឆាំង កែរដ្ឋធម្មនុញ្ញដែលតាក់តែងដោយយោធា និងរំលាយសភាដើម្បីរៀបចំការបោះឆ្នោតថ្មី ប៉ុន្តែអំឡុងបាតុកម្មថ្ងៃទី ខែសីហា ក្រុមអ្នកតវ៉ាបានតម្រង់គោលដៅដាក់ស្ថាប័នមហាក្សត្រ ជាមួយនឹងការស្នើឲ្យមានការគ្រប់គ្រងអំណាចរាជវាំង

បើតាមទីភ្នាក់ងារព័ត៌មាន Reuters មេធាវីម្នាក់ឈ្មោះ Anon Nampa បានចោទរាជវាំងថៃ ថា បានប្រមូលអំណាចកាន់តែច្រើនដែលប៉ះពាល់ប្រជាធិបតេយ្យ និងមិនមានសកម្មភាពអ្វីនៅពេលដែលរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ធ្វើបាបអ្នកប្រឆាំងនោះ

លោក Anon និយាយទៅកាន់ក្រុមបាតុករថា៖«​និយាយពីរឿងនេះ មិនមានជាទង្វើផ្ដួលរំលំរាជានិយមឡើយ តែដើម្បីអនុញ្ញាតឲ្យរាជានិយមមានវត្តមានក្នុងសង្គមថៃតាមផ្លូវត្រឹមត្រូវ និងសមស្របតាមគោលការណ៍រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ​»

អំឡុងពេលតវ៉ានោះ បាតុករជានិស្សិតក៏បានអានការទាមទាររបស់ពួកគេដោយផ្ដើមដោយឃ្លាថា លុបចោល និងកែទម្រង់ច្បាប់ដែលពង្រីកអំណាចស្ដេច និងច្បាប់ដែលប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យដែលមានស្ដេចជាប្រមុខរដ្ឋ

គួរបញ្ជាក់ថា នេះជារឿងកម្រមួយដែលមហាក្សត្រថៃត្រូវបានរិះគន់ដោយចំហបែបនេះ មហាក្សត្រថៃ និងសមាជិករាជវង្សឯទៀត ត្រូវបានការពារដោយច្បាប់ព្រហ្មទណ្ឌ ហើយករណីបំពានណាមួយអាចជាប់គុកដល់ទៅ១៥ឆ្នាំឯណោះ ទាក់ទងបាតុកម្មពេលនេះ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃRatchada Thanadirek លើកឡើងថា នេះជាភារកិច្ចរបស់ប៉ូលិសក្នុងការកំណត់បទល្មើសដែលអាចកើតឡើយ លោកស្រីបន្តថា រដ្ឋាភិបាលចង់ឲ្យបាតុករគោរពច្បាប់ពេលបញ្ចេញមតិរបស់ពួកគេ

បច្ចុប្បន្ន មហាក្សត្រថៃមហាជិរាលង្ករណ៍ មិនសូវមានប្រជាប្រិយភាពឡើយក្នុងចំណោមពលរដ្ឋថៃវ័យក្មេង បើទោះទ្រង់ទទួលបានការគោរពពីប្រជាជនឯទៀតក្ដី ឡើងសោយរាជ្យផ្លូវការនៅឆ្នាំ២០១៩ ស្ដេចអង្គនេះ បានប្រមូលអំណាចច្រើនក្នុងព្រហស្ថដូចជាការគ្រប់គ្រងអង្គភាពយោធាសំខាន់ៗការគ្រប់គ្រងទ្រព្យសម្បត្តិអង្គឯង និងការកែរដ្ឋធម្មនុញ្ញបង្កើនអំណាចវាំងជាដើមដោយ៖ស តារា


ចែករំលែក៖