ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយរវល់លក់ដូរកូនប្រុសអាយុ៥ឆ្នាំម្នាក់ចុះលេងទឹកស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ទេីបអាយុបាន៥ឆ្នាំ ខណៈដែលចុះលេងទឹកស្រះបានរអិលជើងធ្លាក់ចូលកន្លែងជ្រៅ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅស្រះទឹកមួយកន្លែងស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។

ក្មេងរងគ្រោះឈ្មោះ វុទ្ធី បាន ភេទប្រុស អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ឃី វុទ្ធី អាយុ៤០ឆ្នាំ មុខរបរអ្នកនិពន្ធ ម្តាយឈ្មោះ អ៊ុង ឧត្តម អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។ គ្រួសារខាងលើមានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ក្មេងរងគ្រោះជាកូនច្បង មានស្រុកកំណើតនៅភូមិ៦ ឃុំស្វាយភ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងប្រមាណ៩-១០ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ មានក្មេងប្រុសតូចៗ២នាក់ មកចុះលេងទឹកស្រះខាងលើ ហើយពលរដ្ឋបានដេញឲ្យទៅវិញម្តងហើយ ព្រោះថាទីតាំងចំណុចស្រះទឹកមួយនេះ ហាក់ដូចជាមានអាថ៌កំបាំង នេះបើតាមជំនឿរបស់អ្នកស្រុក គឺក្នុង១ឆ្នាំដឹងតែមានអ្នកលង់ទឹកនៅទីនេះម្នាក់ ហើយក្មេងប្រុសតូចៗទាំង២នាក់ក្រោយពីដេញឲ្យឡើងទៅផ្ទះនោះបានវិលត្រឡប់ទៅផ្ទះវិញម្តងហើយ ដូច្នេះហើយទើបពលរដ្ឋនៅក្បែរនោះក៏មិនចាប់អារម្មណ៍ នឹកគិតថាទៅបាត់ហើយ រហូតដល់ក្មេងៗក្នុងភូមិស្រែកឆោឡោប្រាប់ថាមានក្មេងលង់ទឹក ទើបនាំគ្នាផ្អើលចុះស្រង់ តែក្មេងប្រុសម្នាក់ស្លាប់បាត់ទៅហើយ រីឯក្មេងម្នាក់ទៀត មិនបានចុះទឹក ទើបមិនមានបញ្ហាអ្វី ។

តាមម្តាយក្មេងរងគ្រោះបានឲ្យដឹងថា គាត់រវល់តែជាប់លក់ដូរនៅផ្ទះក្បែរនោះដែរ មិនបានដឹងថាកូនប្រុសមកចុះលេងទឹកបែបនេះឡើយ ។

ក្មេងរងគ្រោះ ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យរួចហើយ ឪពុកម្តាយក៏យកសពកូនប្រុសទៅតម្កល់នៅវត្តស្ងួនពេជ្រ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖