ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រន្ធត់ណាស់! រថយន្តធំបុកនិងកិនរថយន្តតូច៤គ្រឿង ម៉ូតូ២ គ្រឿងនៅស្រុកពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ គួរឱ្យរន្ធត់ខ្លាំងណាស់ក្រោយពីឃើញករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និង បុកកិនលើម៉ូតូ២គ្រឿងទៀត ប៉ុន្តែវាពិតជា មួយម៉ឺនសំណាងហើយដែលក្នុងហេតុការណ៍នេះមិនមានមនុស្សរងរបួសនិងស្លាប់នោះ ។

ដោយឡែកអ្នកបើកបររថយន្តធំដែលបង្កគ្រោះថ្នាក់នេះត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកភ្លាមៗផងដែរ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា មានហេតុការណ៍ដ៏រន្ធត់ និងភ្ញាក់ផ្អើលមួយកើតឡើងដោយសារតែរថយន្តធុនធំមួយគ្រឿងបានដាច់ហ្វ្រ័ងរេចង្កូតទៅបុកនិងកិនរថយន្តតូច៤គ្រឿងដែលកំពុងបើកបរនៅលើដងផ្លូវ និងបុកកិនម៉ូតូ២គ្រឿងទៀតដែលកំពុងបញ្ឈរ នៅចិញ្ចើមផ្លូវ ដោយពេលនោះមានភ្លៀងធ្លាក់ខ្លាំងផងដែរ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣ រសៀល ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៧  ក្នុងភូមិទួលអង្គ្រង ឃុំ ក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចស្រុកពញាក្រែកបានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមាន មនុស្សរងរបួសនោះទេ។

ខណៈពេលនោះដែរ សមត្ថកិច្ចជំនាញ មូលដ្ឋានបានចុះជួយធ្វើអន្តរាគមន៍និង បន្តដឹក អូស និងស្ទូចវត្ថុតាងមានរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕ដោយ៖វណ្ណៈ


ចែករំលែក៖