ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញឲ្យមន្ដ្រីជំនាញនៅខណ្ឌនីមួយៗបន្ដចុះធ្វើអត្ដសញ្ញាណកម្មឲ្យបានលឿនចំពោះបុរីឯកជននីមួយៗ ដើម្បីខ្លួនងាយគ្រប់គ្រង ត្រូវបន្ដចុះសុំសហការឲ្យបានល្អជាមួយម្ចាស់បុរីដែលស្ថិតនៅក្នុងដែន សមត្ដកិច្ចរបស់ខ្លួនគ្រប់គ្រង ។
ត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះបុរីណាដែលអត់មានច្បាប់ ហើយមិនមានការការពារសុវត្ថិភាព សន្ដិសុខសាធារណៈជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនោះ។
តាមការបញ្ជាក់ឲ្យដឹងពីលោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនថាបច្ចុប្បន្ននេះមានបុរីនៅក្នុងរាជធានីភ្នំពេញដែលបានចុះបញ្ជីសុំច្បាប់នៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន ១៥២បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែងមានតែ១២៥បុរីប៉ុណ្ណោះ ដោយបុរីមួយចំនួនបោះបង់ចោល និងមួយចំនួនកំពុងសាងសង់ មិនបានប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន ។ លោកបានបញ្ជាក់ឲ្យដឹងបែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងបុរី នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានី ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានី និងមានការចូលរួមពីអាជ្ញាធរខណ្ឌ និងម្ចាស់បុរីប្រមាណជាង១០០ផងដែរ ។
លោក លឹម សុខារស្មី បានបន្ដថា៖ ក្រុមការងារនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវដកពិសោធន៍អំពីប្រព័ន្ធសន្តិសុខ សុវត្ថិភាព ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់ បុរីនីមួយៗ ក្នុងរាជធានីភ្នំពេញ មានចំនួន១១ខណ្ឌ មានបុរីចំនួន១២៥បុរី ដែលមានខ្នងផ្ទះចំនួន ៧០.១៦២ខ្នងផ្ទះ (វិីឡាទោល៣.៨៤១ខ្នង, វិឡាភ្លោះ១១.២ ៥៧ខ្នង វិឡាកូនកាត់១៤.៣១៣ខ្នង, ផ្ទះល្វែង៤០,៧៥១ខ្នង) ដែលសាងសង់លើផ្ទៃដីសរុបប្រហែលចំនួន ៣.៧៩១ហិកតា និងមានភ្នាក់ងារសន្តិសុខឯកជនចំនួន ១.១៨២នាក់ ក្នុងនោះក្រុមការងារបានរកឃើញបុរីមួយចំនួនប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជនដូចជា៖ បុរីជួលក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ៤៥បុរី, បុរីមានច្បាប់ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនចំនួន៣៤បុរី រើសភ្នាក់ងារសន្តិសុខឯកជនចំនួន៣៤បុរី, បុរីពុំទាន់មានច្បាប់ជ្រើស,បុរីមិនមានសន្តិសុខយាមចំនួន១២ បុរី ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងដែរថា លោកហៅម្ចាស់បុរីមកជួបជុំគ្នាល្ងាចនេះ គឺក្នុងគោលបំណងតែមួយគត់ គឺរួមគ្នារិះរកមធ្យោបាយ ការពារសន្ដិសុខ សុវត្ថិភាព ជួនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនីមួយៗឲ្យទទួលបាន សុវត្ថិភាព ស្របតាមភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអាជ្ញាធរគ្រប់មូលដ្ឋានអនុវត្ដទាំង អស់គ្នា ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានស្នើឲ្យអាជ្ញាធរខណ្ឌនីមួយៗត្រូវបន្ដចុះសុំសហការឲ្យបានល្អជាមួយ ម្ចាស់បុរី ដែលស្ថិតនៅដែនសមត្ដកិច្ចរបស់ខ្លួនគ្រប់គ្រង ពិសេសត្រូវបន្ដចុះធ្វើអត្ដសញ្ញាណកម្មនៅតាមបុរីនីមួយៗឲ្យបានលឿន ដើម្បីងាយស្រួលយើងគ្រប់គ្រងឱ្យបានល្អ៕ ដោយ៖សំរិត