ភ្នំពេញ៖បុរសញៀនថ្នាំ ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក និងនគរបាលអន្តរាគមន៍ ដែលបានដាក់គោលដៅត្រួតពិនិត្យ និងពង្រឹងច្បាប់ចរាចរណ៍ ផ្លូវគោកដេញឃាត់ខ្លួនបាន ព្រមទាំងដកហូតថ្នាំញៀន ១កញ្ចប់ ខណះពេល ដែលពួកគេ មកពីទិញថ្នាំញៀន យកទៅប្រើប្រាស់ រួចជិះម៉ូតូអត់កញ្ចក់និងអត់ពាក់មួកហើយសមត្ថកិច្ចហៅផាកពិន័យស្រាប់តែផ្តួលម៉ូតូរត់គេច។
ករណីដេញ ឃាត់ខ្លួន នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៣ រសៀល ថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០២០នៅចំណុច ខាងត្បូងអតីតរង្វង់មូលកាំកូស៊ីធី តាមបណ្តោយ ផ្លូវលេខ ៣៥៥ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យ ដែល ត្រូវឃាត់ខ្លួន ១.ឈ្មោះ ជា ម៉ៅ អាយុ ៣០ឆ្នាំ និងទី២.ឈ្មោះសំ សារិទ្ធ អាយុ៣១ឆ្នាំ ហើយអ្នកទាំង២នាក់ជាមនុស្សញៀនថ្នាំ ស្នាក់នៅតាមចិញ្ចើមផ្លូវម្តុំវត្តកោះ ខណ្ឌដូនពេញ។
តាមសម្តីមន្ត្រីនគរបាលចរាចរណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនសង្ស័យ ២នាក់ នេះបានជិះម៉ូតូ មួយគ្រឿង ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១X.៧៤០៨មួយ គ្រឿង ធ្វើដំណើរ តាមផ្លូវលេខ ៣៥៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយម៉ូតូអត់មានកញ្ចក់ និងមិនពាក់មួយសុវត្តិភាពខណះមកដល់គោលដៅ សមត្ថកិច្ច ក៏បានហៅឈប់ដើម្បីផាកពិន័យ ស្រាប់តែជននោះមានខ្លួន ក៏បានផ្តួលម៉ូតូ រួចរត់គេចខ្លួន ។
មន្ត្រីនគរបាលអោយដឹងទៀតថា ភ្លាមៗ នោះជនសង្ស័យ បានរត់គេចខ្លួន បំបែកគ្នា ហើយ ត្រូវបានកម្លាំងនគរបាលចរាចរណ៍និងកម្លាំងនគរបាលអន្តរាគមន៍ ដែលសហការណ៍គ្នា ដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍ នាំគ្នា ដេញតាមឃាត់ខ្លួនបានទាំង២នាក់ ព្រមទាំងដកហូតបានថ្នាំញៀន មួយកញ្ចប់ ។
តាមជនសង្ស័យ បានសារភាពអោយដឹងថា នៅមុនពេលចាប់ ខ្លួន ពួកគេបានជិះម៉ូតូទៅរកឃើញ ថ្នាំញៀន ១កញ្ចប់នៅម្តុំបឹងកក់ដើម្បីយកទៅប្រើប្រាស់ ពេលធ្វើដំណើរតាមផ្លូវក៏បានប្រទះឃើញ នគរបាលហៅត្រួតពនិត្យ ក៏បានផ្តួលម៉ូតូរត់ តែរត់មិនរួច ហើយបន្ទាប់មកត្រូវឃាត់ខ្លួន ដោយនគរបាលចរាចរណ៍រួចប្រគល់អោយនគរបាលប៉ុស្តិ៍បឹងកក់ទី១ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖អរុណរះ