ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែធ្ងន់ធ្ងរទៅៗ..! ខណៈ រាល់រយៈពេល១៥វិនាទីមានពលរដ្ឋម្នាក់ស្លាប់ដោយសារកូវីដ-១៩ នៅលើពិភពលោក​

ចែករំលែក៖

ពិភពលោកមានពលរដ្ឋជិត​១៩លាននាក់ ឆ្លងកូវីដ-១៩​​ និងស្លាប់ជាង៧សែននាក់​គិតដល់ថ្ងៃទី ៥ខែសីហា​។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា៖ ក្នុងរយៈពេល ១៥វិនាទី មានមនុស្សម្នាក់ស្លាប់ដោយកូវីដ-១៩ នៅលើពិភពលោក​។
ចំនួនអ្នកសា្លប់ដោយកូវីដ-​១៩ នៅលើពិភពលោក គិតដល់ម៉ោង ៦និង​៣០នាទី​ថ្ងៃទី​៥ខែសីហា តាមគេហទំព័រ Worldometer គឺមានមនុស្ស ​៧០៥.០៤២នាក់។ តាមតួលេខរបស់រ៉យទ័រប្រទេសដែលមានពលរដ្ឋស្លាប់ច្រើនបំផុតគឺ អាមេរិក ប្រេស៊ីល ឥណ្ឌា​និងម៉ិចស៊ីកូ។
តាមតួលេខរបស់សារព័ត៌មានរ៉យទ័រ​ ជាធម្យមក្នុងរយៈ២៤ម៉ោង​គឺមានមនុស្ស ជិត​៥៩០០នាក់ស្លាប់ដោយកូវីដ-​១៩​ ។ ក្នុងរយៈពេល​១ម៉ោងគឺមានមនុស្ស​២៤៧នាក់ស្លាប់ ឬក៏ក្នុងរយៈពេល​១៥វិនាទីមានមនុស្សម្នាក់ស្លាប់​។
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសថា​ជំងឺកូវីដ​-១៩​គ្រប់គ្រងបានហើយនៅអាមេរិក ។ ប៉ុន្តែ​ តួលេខនៃអ្នកឆ្លងនិងស្លាប់នៅតែបន្តកើនឡើងដដែល​។ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkinsបានប្រកាសនៅថ្ងៃទី​៥ខែសីហាថា អាមេរិក មានអ្នកស្លាប់ដោយកូវីដ​-១៩​បន្តកើនឡើង​​ ដោយក្នុងរយៈពេល​២៤ម៉ោង មានអ្នកស្លាប់ដោយកូវីដ-១៩ ដល់ទៅ១៣០២នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ទៅ156.668 នាក់ ។ ចំណែកអ្នកឆ្លងវិញក្នុងរយៈពេល​២៤ម៉ោង មានអ្នកឆ្លង​ 53.847 នាក់ ធ្វើឲ្យអ្នកឆ្លងសរុបជាង៤,៧លាននាក់​៕ដោយ៖ធី រីណា


ចែករំលែក៖