ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Naddia Ottiger នាយិការងទីភ្នាក់ងារស្វីុសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានអញ្ញើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និឹងអង្គការស្វីសខន់ថាក់ លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ដែលគម្រោងនេះនឹងផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងព្រះវិហារ។ កម្មវិធីអភិវឌ្ឍន៍ជំនាញជំហានទី២នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត ក៏ដូចជាទទួលបានការងារមួយ សមរម្យ ជាមួយនឹងការបង្កើនប្រាក់ចំណូលរបស់ខ្លួនកាន់តែល្អប្រសើរ។
គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ ជាពិសេសលើការជំរុញបណ្តុះបណ្តាលជំនាញថ្មី និងបន្ថែមក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងខេត្តគោលដៅទេសចរណ៍ទាំង៥ដើម្បីទទួលបានចំណេះដឹង និងជំនាញ និងដើម្បីជាច្រកសម្រាប់បន្តការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម និង ពេញមួយជីវិត។ គម្រោងនេះ ក៏នឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍លើការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ។
សូមរំលឹកផងដែរថា កន្លងមកតាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញជំហានទី១ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្វីុសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ ថាក់ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដោយបានបណ្តុះបណ្តាលយុវជន យុវនារី លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងកម្មវិធីសិក្សាពេញម៉ោងចំនួន ១៦០រូប (ស្រី៦០រូប) កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩រូប (ស្រី២០០រូប) ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប (ស្រី៣៤០រូប) បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១រូប និងបានវាយតម្លៃអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១.១៦៧រូប (ស្រី ៥៦១រូប) ៕
ដោយ៖សូរិយា