ព័ត៌មានទាន់ហេតុការណ៍៖

គណៈរដ្ឋមន្ត្រីថៃបើកកិច្ចប្រជុំបន្ទាន់ដើម្បីឆ្លើយតបនឹងការរញ្ជួយដី

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីវាយតម្លៃផលប៉ះពាល់ និងដាក់ពង្រាយដំណោះស្រាយឆ្លើយតបបន្ទាប់ពីការរញ្ជួយដីកម្រិត 7.7 រិចទ័រនៅប្រទេសមីយ៉ាន់ម៉ា។នាយករដ្ឋមន្ត្រី Paetongtarn បានបញ្ជាឱ្យកែលម្អជាបន្ទាន់នូវប្រព័ន្ធព្រមានសាធារណៈ តាមរយៈសារ SMS និងបង្កើតប្រព័ន្ធទូរទស្សន៍ចល័តក្នុងរយៈពេល 3 ខែ ដើម្បីធានាបាននូវព័ត៌មានទាន់ពេលវេលាដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកស្រីបានស្នើឱ្យនាយកដ្ឋានបង្ការ គ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) និងគណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) ពង្រឹងការសម្របសម្រួលដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពចរាចរណ៍ ការបិទផ្លូវ និងផ្លូវជំនួសវិញ បន្ទាប់ពីគ្រោះធម្មជាតិ។
ដើម្បីធានាសុវត្ថិភាពនៃរដ្ឋធានីបាងកក រដ្ឋាភិបាលថៃបានស្វែងរកអ្នកបាត់ខ្លួនជាបន្ទាន់ ពិនិត្យលិខិតអនុញ្ញាតសាងសង់អគារខ្ពស់ៗ និងវាយតម្លៃស្តង់ដារសុវត្ថិភាព និងការធ្វើផែនការទីក្រុង។ នាយករដ្ឋមន្រ្តី Paetongtarn ក៏បានអំពាវនាវឱ្យប្រទេសទាំងមូលរួមដៃគ្នាជួសជុលផ្ទះ ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសណ្ឋាគារ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។
នៅទីក្រុងបាងកក ដោយភ័យខ្លាចហានិភ័យនៃការខូចខាតពីការរញ្ជួយដី មន្ទីរពេទ្យបានប្រញាប់ប្រញាល់ជម្លៀសអ្នកជំងឺទៅកាន់ទីទួលសុវត្ថិភាព។ នៅឯមន្ទីរពេទ្យ Rajavithi វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាបានជម្លៀសអ្នកជំងឺចេញពីអគារយ៉ាងលឿន។ នៅព្រឹកថ្ងៃទី២៩ មីនា អ្នកជំងឺមួយចំនួនត្រូវបានបញ្ជូនមកមន្ទីរពេទ្យវិញ ។
ជាមួយគ្នានេះ អាកាសយានដ្ឋានថៃ (AOT) បាននិយាយថា ប្រតិបត្តិការនៅអាកាសយានដ្ឋានបាងកក ឈៀងម៉ៃ ហាតយ៉ៃ ឈៀងរ៉ៃ និងភូកេត បានវិលមករកភាពប្រក្រតីវិញបន្ទាប់ពីគ្រោះរញ្ជួយដី។ AOT បានបញ្ជាក់ថា អគារនៅព្រលានយន្តហោះទាំងនេះនៅដដែល ហើយហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ត្រូវតាមស្តង់ដារសុវត្ថិភាព៕ ដោយ៖ ធីរីណា

រូបថត​៖ qdnd


ចែករំលែក៖