ការស្រមៃគិតរបស់វិសាលបានត្រឹមតែធ្វើឲ្យខ្លួនគេ មានការសោកស្ដាយចំពោះគ្រួសារ ពូពុធនិងមីងចាន់នី ប៉ុណ្ណោះ ព្រោះអ្វីដែលធ្វើឲ្យគេមានការសោកស្ដាយគឺគ្រួសារមួយនេះ កំពុងអណ្ដែតលើទ្រព្យសម្បត្តិច្រើនគួរសមដែលបានពីចរិយាសម្បត្តិកូនស្រីទាំងពីរ រហូតមានផ្ទះល្វែង រថយន្ត និងមាសកែវកង មិនចាញ់អ្នកមានស្តុក បែរជាពេលនេះធ្លាក់ខ្លួនក្ររហាម ។
វិសាល គិតថា ការមានទ្រព្យសម្បត្តិដែលមិនកើតចេញពីកម្លាំងញើសផ្ទាល់ខ្លួន បានមកពីការកេងប្រវ័ញ្ចលើកម្លាំងញើសឈាមអ្នកដទៃ ក៏ដូចរកស៊ីខុសច្បាប់ទាំងនេះ មិនខុសនឹងព្រះមានបន្ទូលថា អំពើទុច្ចរិតរមែងនាំមកក្តីវិនាស នោះទេ ។ ដោយហេតុនេះហើយទើបគេឃើញគ្រួសារពូពុធ មីងចាន់នី នៅពេលនេះកំពុងរងនូវទណ្ឌកម្មពីព្រហ្មលិខិត ដោយពូពុធ ហេតុតែ សំបូរលុយចាយបានពីការផ្ដល់ឱ្យរបស់កូនទាំងពីរធ្វើឲ្យរូបគាត់ភ្លើតភ្លើនលែងគិតការរកស៊ីដោយកម្លាំងញើសខ្លួនឯង ភ្លេចពេលគ្រាក្ររត់ម៉ូតូកង់បី ហើយមួយថ្ងៃៗគិតតែដើរលេងល្បែងស៊ីសងបៀ អាប៉ោង និងជល់មាន់ជាដើម។ ចំណែកមីងចាន់នីវិញ ក៏មិនចាញ់ប្ដីប៉ុន្មានដែរ ល្បែងកន្ទុយលេខក្នុងមួយថ្ងៃៗគាត់ចាក់លុយរាប់លានរៀល ហើយមួយថ្ងៃៗចាក់៤ពេលទាំងឆ្នោតយួននិងឆ្នោតខ្មែរ ឃើញថា ពេលឈ្នះគឺឈ្នះតិចតួច ពោលបានន័យថាឈ្នះតែ១ តែបើចាញ់វិញ១គុណនឹង១០ឬ២០ឯណោះ គឺចាញ់ច្រើនលើសលប់ណាស់។ ដោយឡែកកូនស្រីច្បងឯណោះវិញ (ភាវី) ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការកាត់ទោសជាប់ពន្ធនាគារ ១៥ ឆ្នាំ ក្នុងករណីរកស៊ីចាប់ជំរិតតាមអនឡាញ៍។ រីឯសោមា ជាកូនទី ២ មិនខុសពីបងស្រីប៉ុន្មានឡើយ ក្នុងករណីរកស៊ីជួញដូរគ្រឿងញៀន ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ២០ឆ្នាំ។
ក្រឡេកមកមើលទ្រព្យសម្បត្តិដែលមានផ្ទះល្វែង១ ល្វែង ដី ២ឡូត៍ និងរថយន្តពីរគ្រឿងក៏ត្រូវបានរលាយរលត់ ដោយសារពូពុធនិងមីងចាន់នី លេងល្បែងស៊ីសងចាញ់ស្មើដៃគ្នា។ នេះហើយជាទណ្ឌកម្មជីវិតបានមកពីការកសាងអំពើមិនល្អ។
យ៉ាងណា វិសាល នៅតែ មិនអស់អាល័យនឹងភាវី អតីតសង្សារដែលខ្លួនរំពឹងថានឹងបានធ្វើជាគូអនាគតតែពេលនេះនាងបានធ្លាក់ខ្លួនក្នុងអបាយមុខ ព្រោះស្រឡាញ់មាសប្រាក់ជាងកិត្តិយសរហូតត្រូវចូលដេកគុក ១៥ ឆ្នាំ បណ្តាលឱ្យខូចអនាគតអស់រលីង។ អ្វីៗត្រូវបានបញ្ចប់ បន្ទាប់ពីគ្រួសារស្រឡាញ់តែមាសប្រាក់របស់អ្នកមាន និងឧកញ៉ា មួយនេះនាំគ្នាជិះក្បូនអត់ក្តោងកណ្ដាលសាគរតែលតោលគ្មានគោលដៅ ។
មួយឆ្នាំក្រោយមក ដោយវិសាលបានប្រឡងជាប់សញ្ញាបត្រវិស្វករកសិកម្ម រូបគេត្រូវបានអ៊ំប្រុសជាឪពុក វតី និងគាប់ជួន វតី ត្រឡប់មកពីសិក្សានៅក្រៅប្រទេសវិញផងនោះ គេទាំងពីរត្រូវគ្រួសារអភិជនមួយនេះផ្សំផ្គុំជាគូស្វាមីភរិយាប្រកបដោយសុភមង្គល។
លាហើយអ្នកមានដោយសារឧកញ៉ាជជុះ។ លាហើយអ្នកមានដោយសារថៅកែចិនរកស៊ីទុច្ចរិត ។ លាហើយស្នេហាដំបូងមិនសមដូចបំណង។ សូមស្មាលា ព្រានប្រាក់ អន្ទាក់ឧកញ៉ា ។ នេះជាស្រមោលនរកកំពុងសើចចំអកដល់គ្រួសារ ពូពុត មីងចាន់នី ៕(ចប់ដោយបរិបូណ៌) សូមអរគុណ