ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានបង្ហោះលើផេកផ្លូវការការថា ៖ ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យនិងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជានៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។
ជាទូទៅល្អ តែគាត់ទៅរុំកទាំងមូលរយៈពេល៦សប្តាហ៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ដូចនេះច្បាស់ណាស់ថា គាត់មិនអាចចូលរួមបុណ្យសពបងទី១បានឡើយតែគាត់អាចចូលមកដុតធូបជូនបងប្រុសនៅពេលគាត់ត្រឡប់ពីសាំហ្គាពួនៅព្រឹកស្អែក៣០មីនា២០២៥ក្នុងករណីសុខភាពគាត់គ្មានបញ្ហា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានលើកឡើងថា ៖ (ទូកទៅកំពង់នៅ)បងប្រុសខ្ញុំចែកឋានទៅ គាត់រួចផុតទុក្ខហើយនៅឡើយតែខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាងព្រោះបងថ្លៃរបស់ខ្ញុំបានចែកឋានតាំងពីឆ្នាំ២០១៣ គឺ១២ឆ្នាំមុនមកម្ល៉េះ។
ទោះជាគាត់មានកូន មានចៅដែលចេះទទួលខុសត្រូវខ្លួនឯង តែខ្ញុំនៅតែជាមេគ្រួសារមួយនេះដដែល និយាយមួយបែបខ្ញុំជាមេគ្រួសារនៃត្រកូលហ៊ុន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បន្តថា ៖ កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើតក្មួយប្រសារទាំងប្រុសស្រីស្លៀកពាក់កាន់ទុក្ខទាំងអស់ រាប់ទាំងក្មួយដែលជានាយករដ្ឋមន្ត្រីផងដែរ។
ដោយសារបងថ្លៃខ្ញុំបានទទួលមរណភាពកាលពីឆ្នាំ២០១៣ បានបូជាយកអដ្ឋិធាតុទៅរក្សាទុកនៅវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងដោយសារចេតិយសម្រាប់បងប្រុសធ្វើនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចនេះត្រូវយកអដ្ឋិធាតុបងថ្លៃពីកំពង់ស្ពឺមករក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី១ ខែមេសាដើម្បីបញ្ចុះជាមួយបងប្រុសនៅក្នុងចេតិយតែមួយនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
បន្ទាប់ពីបញ្ចុះសពរួចនឹងធ្វើបុណ្យ៧ថ្ងៃបន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឲ្យឆ្លងឆ្នាំដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី២ ខែមេសានិងបញ្ចប់នៅព្រឹកថ្ងៃទី៣ ខែមេសា។
ល្ងាចថ្ងៃទី៣ ខែមេសា ខ្ញុំនឹងធ្វើជាអ្នកបែងចែកទ្រព្យសម្បត្តិ ដើម្បីបញ្ចៀសនូវជម្លោះណាមួយរវាងបងប្អូនទាំង៥នាក់ ដែលជាកូនរបស់គាត់។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ថា ៖ បងប្រុសរបស់ខ្ញុំគ្មានទ្រព្យសម្បត្តិដើម្បីចែកឲ្យកូនគ្រប់ៗគ្នានោះទេ។
គាត់មានដី និងផ្ទះដែលកំពុងស្នាក់នៅនិងធ្វើបុណ្យសព ដែលមានផ្ទៃក្រឡា ១.២០០ម៉ែត្រការ៉េ និងផ្ទះឈើ១ខ្នង លើដីជាង ៤.០០០ម៉ែត្រការ៉េ នៅអរិយក្សត្រ។
ស្ថានភាពបែបនេះប្រហែលជាតម្រូវឲ្យខ្ញុំដែលជាមេចំណែក ត្រូវចំណាយបន្ថែមដើម្បីឲ្យក្មួយៗទទួលបានគ្រប់ៗគ្នា៕
ដោយ ៖ សិលា