ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្ហាញវីដេអូ​ស្តីពីការសាកល្បងមីស៊ីល​មានល្បឿនលឿនជាងសំឡេងដល់ទៅ១៧ដង

ចែករំលែក៖

អន្តរជាតិ៖ កម្លាំងទាហានអាមេរិកបានបង្ហាញឃ្លីបវីដេអូស្តីពីការសាកល្បងកាំជ្រួចមីស៊ីលដែលមាន​ល្បឿនលឿនជាងសំឡេងដល់ទៅ​១៧ដង។ មីស៊ីលល្បឿនលឿនជាប្រភេទ C-HGB បានសាកល្បងតាំងពីខែមីនាឆ្នាំ​២០២០ នៅកោះហាវ៉ៃ។
ប៉ុន្តែពិភពលោក ពិសេសប្រទេសដែលមានបច្ចេកវិទ្យាអាវុធទំនើបៗ ដូចជារុស្ស៊ី មិនជឿថាអាមេរិកមានមីស៊ីលលឿនជាងសំឡេង​១៧ដងនោះទេ។ ទាំងនោះហើយបានជាអាមេរិកសម្រេចបង្ហាញភស្តុតាង​តាមរយៈឃ្លីបវីដេអូ សាកល្បងមីស៊ីល​នេះ។
តាមឃ្លីបវីដេអូដែលបានបង្ហាញ​ក្នុងវេទិកាស្តីពីយុទ្ធសាស្ត្រការពារជាតិ​នៅទីតាំង (SMD) នាថ្ងៃទី​៥ខែសីហា មីស៊ីល​C-HGB​បានវាយប្រហារចំគោលដៅដែលបានកំណត់ទុក។
ក្នុងពេលបង្ហាញឃ្លីបវីដេអូនៅក្នុងពិធី ឧត្តមសេនីយ៍Neil Thurgood មេបញ្ជាការកងទ័ពជើងគោក​អាមេរិក​បានបញ្ជាក់ថា មីស៊ីលC-HGB មានល្បឿនលឿនជាងសំឡេង​១៧ដង ប៉ុន្តែលោកមិនបានបង្ហាញថា មីស៊ីលនោះអាចបំពាក់ក្បាលគ្រាប់ ឬមានរំសេវផ្ទុះប៉ុន្មាននោះឡើយ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិក បានបង្កើនការផលិតអាវុធល្បឿនលឿន ក្រោយពេលរុស្ស៊ី​ប្រកាសពីជោគជ័យក្នុងកម្មវិធីផលិតអាវុធល្បឿនលឿនជាងសំឡេង​។ កាលពីខែឧសភាកន្លងមក ប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងថា អាមេរិកមានមីស៊ីលល្បឿនលឿនជាងគេបង្អស់នៅលើពិភពលោក គឺមានល្បឿនលឿនជាងសំឡេងដល់ទៅ​១៧ដង៕ដោយ៖ធី រីណា


ចែករំលែក៖